(កំពង់ស្ពឺ)៖ អាជ្ញាធរពាក់ព័ន្ធក្នុងតំបន់ ឧទ្យានជាតិគិរីរម្យ បាននិងកំពុងរៀបចំការ អភិវឌ្ឍន៍តំបន់ទឹកទី១ ក្នុងឧទ្យាននេះឱ្យក្លាយទៅជា ទីកន្លែងទេសចរណ៍ធម្មជាតិ ប្រកបទៅដោយភាពស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យទៅលេងកម្សាន្តកាន់តែច្រើន ក្នុងគោលបំណងជួយបង្កើនចំណូលប្រជាពលរដ្ឋ ដែលរស់នៅ និងទទួលផលនៅទីនោះ។

តំបន់ឧទ្យានជាតិគីរីរម្យ ត្រង់ចំណុចទឹកឈូទី១ ដែលកំពុងមានតូបលក់ដូរត្រៀបត្រាលើទឹក ដោយមិនមានច្បាប់អនុញ្ញាតនិងបានធ្វើឱ្យ ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ព្រោះដោយសារភ្ញៀវទេសចរណ៍ និងអ្នកលក់ដូរតែងតែ បោះសម្រាមជាកាកសំណល់ រឹងរាវជាពិសេស ការសង់បង្គន់អនាម័យក្បែរៗ ចំណុចងូតទឹករបស់ភ្ញៀវ ដែលជាហេតុបង្កផលប៉ះ ពាល់ដល់សោភ័ណ្ឌភាព និងបរិស្ថានៅទីនោះ។ បញ្ហាដែលលើកឡើងខាងលើនេះ ស្ថិតក្នុងដីអភិវឌ្ឍន៍របស់ក្រុមហ៊ុន សុខ គង់ ដែលត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីវិនិយោគ ជាតំបន់ ទេសចរណ៍ធម្មជាតិ។ ហើយអាជ្ញាធរគ្រោងនឹងអភិវឌ្ឍន៍ ក្នុងចំណុចនេះឱ្យបានឆាប់រហ័ស ប៉ុន្តែក្រុមអាជីវករមួយចំនួនហាក់មាន ការរារែកលើចំណុចផ្លាស់ប្តូរទាំងឡាយ ដែលឱ្យម្ចាស់តូបដែលសង់លើទឹកទៅកាន់ចំណុចនាគព័ន្ធវិញ។

ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ អាជ្ញាធរបានឱ្យដឹងថា ការបំពុលបរិស្ថានពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឱ្យមានការធ្លាក់ចុះនៃកំណើន ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនោះទីនោះ ជាហេតុធ្វើឱ្យជីវភាពពួកគាត់មានការអន់ថយ ដោយសារតែទីតាំងនោះលែងមាន ទេសចរណ៍ទៅងូតទឹកលេងដូចមុនៗ។ តាមការលើកឡើងពីក្រុមអាជីវករមួយរូប ដែលជាអ្នកលក់ដូរនៅទីនោះសុំមិនប្រាប់ឈ្មោះ និងមិនឱ្យថតរូបផងនោះ បាននិយាយមួយៗថា កាលពីឆ្នាំកន្លងទៅទីនេះ (ទឹកឈូទី១)ជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងប្រណិត ហើយមានភ្ញៀវមកកម្សាន្តមិនដាច់។

ប្រភពលើកឡើងទៀតថា ដោយនៅពេលនេះភ្ញៀវទេសចរណ៍ជាច្រើន លែងហ៊ានចុះងូតទឹកលេងដូចមុនទៀតនោះក៏ដោយសារតែ ក្រុមអ្នកលក់ដូរបានធ្វើតូបលើទឹក និងបានបោះកាកសំណល់ផ្សេងៗ ចូលក្នុងទឹកមាន ឆ្អឹងមាន់ ឆ្អឹងទា ថង់ប្លាស្ទិក ការខាកស្តោះ ជាដើម ដែលនាំមកការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដែលប្រឈមនឹងការបាត់បង់អ្នកមកកម្សាន្ត។ នាពេលថ្មីៗនេះដែរ ក្រុមអាជ្ញាធរបានសិក្សា និងមានបំណងឱ្យក្រុមហ៊ុន សុខ គង់ អភិវឌ្ឍន៍ទីនោះឱ្យក្លាយទៅជាតំបន់ ទេសចរណ៍ធម្មជាតិ ជាសួនដ៏ប្រណិតមានទីតាំងដែលអាចឱ្យ អ្នកទេសចរណ៍មកកម្សាន្ត ជាមួយទេសភាពដ៏ស្រស់ត្រកាល និងអាចងូតទឹកលេងបាន ដូចកាលពីមុន ហើយការអភិវឌ្ឍន៍នេះទៀតសោត គឺប្រកបដោយការគិតគូដល់ ផលប៉ះពាល់បរិស្ថានខ្ពស់ស្របតាមស្តង់ដា និងមិនធ្វើឱ្យមានការប៉ះពាល់ដល់បងប្អូន ជាអាជីករចាស់នោះដែរ ពោលគឺ អាជ្ញាធរមានបំណងដោះដូរបងប្អូនអ្នកសង់តូបលើទឹក មិនស្របច្បាប់ទាំងនោះ ប្ដូរទៅកាន់ចំណុចនាគព័ន្ធខាងលើជាចំណុចជាប់ ផ្លូវធំនិងជិតច្រកចូល មកកាន់ទឹកឈូទី១នេះ មួយចំណែកទៀតចំណុចនាគព័ន្ធជាចំណុចដំបូង ដែលភ្ញៀវមកដល់មុននឹងចូលទៅ លេងទឹកឈូ ដូច្នេះបើភ្ញៀវចង់ទិញទំនិញហូប ឬវត្ថុអនុស្សាវរីយ៍ផ្សេង គឺពួកគាត់ទិញហើយពីចំណុចនេះ ទើបគាត់ទៅកម្សាន្តសប្បាយ នៅចំនុចផ្សេងទៀត។

តាមការសង្កេតការដោះស្រាយបែបនេះ គឺទទួលបានផលចំណូលជាតិ  ចំណេញដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះដោយផ្ទាល់ ពីព្រោះទីផ្សានៅលើភ្នំគីរីរម្យមានតែមួយគត់ សម្រាប់អ្នកទេសចរណ៍មកលេង និងភ្នាក់ងារទីផ្សាសម្រាប់ស្ទង់ស្ទាបកុំឱ្យប៉ះពាល់ផលិតផល របស់បងប្អូន ដែលមានមុខរបរប្រចាំថ្ងៃនៅទីនោះ។ មានការរំពឹងទុកថា បើមានការអភិវឌ្ឍន៍តំបន់នេះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ស្រស់បំព្រងពិតមែន គេសង្ឃឹមថា អ្នកទេសចរណ៍មកកម្សាន្តមានការកើនឡើង ហើយជីវភាពពលរដ្ឋនៅទីនោះមានកម្រិតល្អ ប្រសើជាងមុន ហើយបរិស្ថានក៏ស្អាតជាងមុនដែរ។
ហេតុដូចនេះហើយបើសិនជាការអភិវឌ្ឍន៍នៅទីនោះមានការរាំងស្ទះដោយប្រការណាមួយ ឬមកពីបងប្អូនជាអាជីវករនៅទីនោះមានការ ជំទាស់គឺពិតជាធ្វើឱ្យមានការខាតបង់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់បងប្អូនយ៉ាងធំធេង ហើយការខាតបង់ខ្លាំងជាងគេ គឺបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ និងមិនមានផ្ទះនៅទីតាំងផ្សេងទៀតដូចក្រុមអាជីវករមួយចំនួនតូចដែលធ្វើការតវ៉ា មិនព្រមចេញពីទីតាំងខាងលើ។ អាជីវករដែលបានរៀបរាប់ពីការព្រួយបារម្មណ៍របស់ខ្លួនខាងលើបានបញ្ជាក់ថាគាត់មិនយល់ទាស់ ចំពោះការផ្លាស់ប្តូរទីតាំងដោយអាជ្ញាធរឡើយ ប៉ុន្ដែដោយខ្លាចអ្នក ដែលមិនព្រមចាកចេញមួយចំនួន មករករឿងគាត់ទើបគាត់រង់ចាំ ដល់ពេលគេយល់ព្រមទាំងអស់គ្នា ទើបគាត់ទៅនឹងគេដែរ៕