(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបាន ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះជួយខេត្តស្វាយរៀងផងនោះ បានជំរុញឲ្យក្រុមការងារទាំងអស់ប្រឹងប្រែងធ្វើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។

ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលលោកស្រី អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ ឆ្នាំ២០១៦ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលប្រជុំទន្លេវៃគោ ខេត្តស្វាយរៀង។ កិច្ចប្រជុំធ្វើឡើង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។

លោកស្រី ម៉ែន សំអន បានកោតសសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារចុះមូលដ្ឋានជាពិសេស ចូលរួមយ៉ាងសកម្មក្នុងវេទិការសាធារណៈ ដែលបានធ្វើការគ្រប់ក្រុងស្រុក និងនៅតាមឃុំសង្កាត់មួយចំនួនធំក្នុងខេត្ត។

លោកស្រី ម៉ែន សំអន បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំបំពេញការងារយ៉ាងសកម្មមិនខ្លាចនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ និង ការពារបូរណភាពដែនដី។

លោកស្រីថ្លែងដូច្នេះ «ដើម្បីពង្រឹងការងាររបស់យើងឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចឲ្យបានជោគជ័យ យើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងត្រូវបន្តជំរុញឲ្យបានជោគជ័យនូវកម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ធ្វើការកំណែទម្រង់ស៊ីជំរៅកាត់បន្ថយភាពអសកម្ម របស់មន្ត្រីថ្នាក់ដឹកនាំដោយបន្តការអនុវត្តតាមទិសស្លោក ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល»

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានជំរុញឲ្យមន្រ្តីតាមមន្ទីជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយត្រូវបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឪកាសនោះ លោកស្រី ក៏បានក្រើនរំលឹកដល់ក្រុមការងារ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ចូលរួមអនុវត្តន៍យុទ្ធនាការ ជួយផ្ដល់ទឹក ជីកអណ្តូង ស្រះទឹក និង ប្រឡាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តស្វាយរៀង ៕