(ហាណូយ)៖ យ៉ាងណាស់មនុស្ស ១១១នាក់បានស្លាប់ និង ១៣៨នាក់ផ្សេងទៀតរងរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសវៀតណាម ក្នុងរយៈពេលឈប់សម្រាកបួនថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអង្គារ ទី០៣ ខែឧសភា។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃរសៀលថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។

របាយការណ៍ពីគណកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិវៀតណាម ឲ្យដឹងទៀតថា រយៈបួនថ្ងៃ ឈប់សម្រាកកន្លងទៅនេះ គឺដើម្បីអបអរពិធីបុណជាតិរំលឹកខួបនៃការរួបរួមជាតិរបស់វៀតណាម។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ជាង ១០០លើកនៅអំឡុងពេលបួនថ្ងៃនោះតែម្តង ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស ១៤៩នាក់។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាដ៏គួរឲ្យរន្ធត់មួយ នៅវៀតណាមពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាលពីឆ្នាំ ២០១៥ កន្លងទៅនេះ មនុស្ស ៨,៦៧១នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតរង​របួស បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍គ្រប់ទម្រង់បាន កើតឡើង ២២,៤០៤ករណីទូទាំងប្រទេស៕