(ភ្នំពេញ)៖ ក្រោយពីបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានប្រកាស លទ្ធផលជាផ្លូវការមួយ ក្នុងនោះ អង្គប្រជុំបានអនុម័តយល់ព្រម លើសំណើជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន១រូប ជំនួសសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសុំលាលែងពីតំណែង។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលចាប់ផ្តើមតាំងពីម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីប្រធាន គណៈកម្មការនានា របស់រដ្ឋសភា ។

ក្រៅពីការអនុម័តជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងលើ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តលើរបៀបវារៈមួយ ចំនួនទៀត ដូចជាអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលហុងគ្រីស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃកាវិនិយោគ ជូនគណៈកម្មការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ។

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រម ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជនជូនគណៈកម្មការ នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាវិញ៕