(ពោធិ៍សាត់)៖ ជនសង្ស័យ ចំនួន០៨នាក់ ត្រូវបានក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដោយមានការចូលរួមពីសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងកម្លាំងចម្រុះ បានតាមប្រមាញ់ ដេញប្រផាប់ចាប់ប្រភីង ទាំងយប់ទាំងថ្ងៃ ខណៈកំពុងលួចនេសាទ ដោយឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប រួមផ្សំនឹងឆក់ នៅចំណុចកណ្ដាលបឹងទន្លេសាប។

ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ដោយទទួលបានបទបញ្ជា ពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

បើតាមមន្ត្រីជលផលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពីទទួលបានសារសម្លេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញករណីបទល្មើសឆក់យ៉ាងសកម្ម ជារៀងរាល់យប់ នៅតំបន់បឹងទន្លេសាប ក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរនោះរួមមក, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយឱ្យកម្លាំងគ្រប់ថ្នាក់ គ្រប់ផ្នែក បង្ក្រាបឱ្យខាងតែបាន ចំពោះបទល្មើសមួយនេះ។

ជាមួយគ្នានោះ កម្លាំងចម្រុះបានចុះប្រតិបត្តិការ រយៈពេល០៣ថ្ងៃ បានតាមប្រមាញ់ និងឃាត់ខ្លួនជនល្មើស ខណៈកំពុងលួចនេសាទ ដោយឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប រួមផ្សំនឹងឆក់ ហើយបានដេញប្រផាប់ចាប់ប្រភីង ដល់ត្រើយម្ខាង រហូតឃាត់ខ្លួនមនុស្ស បានចំនួន០៨នាក់។

ប្រភពបន្តថា ជាលទ្ធផល កម្លាំងបានរឹមអូសបានវត្ថុតាងរួមមាន៖
-បាឡាសំបកឈើ ភ្ជាប់នឹងម៉ាស៊ីនម៉ាកដេហ្វូ ចំនួន០៣គ្រឿង
-បាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាកហ៊ីណូតា ចំនួន០២គ្រឿង
-បាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាកសាំយ៉ុង ចំនួន០១គ្រឿង
-អួនអូសទឹកសាបទំហំ៣០មx២០មx(០,០២-០,០៣)ម ចំនួន០៤វង់
-ខ្សែអូសទាញ ចំនួន០៤ខ្សែ ប្រវែង៤00ម៉ែត្រ
-ខ្សែភ្លើងរួមផ្សំ ចំនួន០៤ ប្រវែង១២០ម៉ែត្រ
និងត្រីចំរុះទម្ងន់២០០គីឡូក្រាម។

ប្រភពបានបន្ថែមថា ចំពោះជនសង្ស័យ នឹងវត្ថុតាង ក្រុមការងារកំពុងបង្កសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕