(ភ្នំពេញ)៖ រាប់សប្តាហ៍មកហើយ បន្ទាប់ពីការលុកលុយរបស់រុស្ស៉ីទៅលើអ៊ុយក្រែន លំហូរនៃព័ត៌មានមិនពិត ឬការបំភាន់អំពីសង្រ្គាមនៅអ៊ុយក្រែន បានបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម។

ដើម្បីកាត់បន្ថយការយល់ច្រឡំនៃព័ត៌មានទាំងនេះ អ្នកសារព័ត៌មានអាជីព ក៏បានចាប់ផ្តើមផ្ទៀងផ្ទាត់ព័ត៌មានខ្លះៗមកវិញជាមួយអ្នកពាក់ព័ន្ធនឹងរឿងរ៉ាវទាំងនោះ ហើយដែលពួកគាត់បានអះអាង ថាព័ត៌មានខ្លះត្រូវបានគេប្រឌិត បន្លំ ឬ ត្រូវ បានបំផ្លើស ឬដោយអចេតនាតាមរយៈការបន្តចែករំលែកដោយគ្មានការពិចារណាឬផ្ទៀងផ្ទាត់អ្វីឡើយ។ ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗដែលត្រូវបានរកឃើញថាជាព័ត៌មានមិនពិត៖

១៖ តួសម្តែងក្នុងសង្រ្គាមនៅអ៊ុយក្រែន៖

វីដេអូមួយរបស់អ្នកយកព័ត៌មានម្នាក់ នៅពីមុខមនុស្សជាច្រើនដែលគេច្រកដាក់ក្នុងថង់កៅស៊ូពណ៌ខ្មៅ បានផ្សាយនៅលើបណ្តាញសង្គមធំៗជាច្រើន ហើយត្រូវបានចែកចាយបន្តយ៉ាងគ្រគ្រឹកគគ្រេង ដោយ អ្នកគាំទ្រវិមានក្រឹមឡាំង។ តាមពិតវីដេអូនេះត្រូវបានគេថតនៅពេលមានការតវ៉ាអំពីការប្រែប្រួលអាកាសធាតុនៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីដើមខែកុម្ភៈកន្លងទៅនេះសោះ។

២៖ ភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែនចូលរួមប្រយុទ្ធជាមួយកងទ័ព?

អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែករូបភាពមួយដែលបង្ហាញថា ភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែន បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសខ្លួន ដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៉ី។ អ្នកត្រួតពិនិត្យស្វែងរកការពិត បានអះអាងថា រូបថតនេះជាទាហាននារីអ៊ុយក្រែនមួយរូបដែលត្រូវ បានថតក្នុងអំឡុងពេលហាត់សមសម្រាប់ក្បួនព្យុះហយាត្រា យោធាមួយនៅក្នុងទីក្រុង Kyiv កាលពីខែសីហា ឆ្នាំ២០២១។ ដោយឡែករដ្ឋាភិបាលអ៊ុយក្រែនក៏មិន មានតំណែងអនុប្រធានាធិបតីដែរ។

៣៖ ប្រធានាធិបតី Zelensky ផឹកតែជាមួយកងកម្លាំងអ៊ុយក្រែន?

វីដេអូដែលបង្ហាញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងផឹកតែជាមួយទាហ៊ានអ៊ុក្រែននៅសមរភូមិមួយ បានទទួលអ្នកចូលមើលជិត៣លានដងកាលពីពេលថ្មីៗនេះ។ តាមពិត វីដេអូនេះត្រូវបានគេថតកាលពីមួយសប្តាហ៍ មុនពេលការឈ្លានពានពីសំណាក់រុស្ស៉ី។ វាត្រូវបានគេថតនៅ Shyrokyne នៅពេលដែល ប្រធានាធិបតី Zelensky ចុះសួរសុខទុក្ខទាហានជួរមុខ ដើម្បីបង្ហាញការគាំទ្រដល់កងទ័ពរបស់គាត់។

៤៖ តារាភាពយន្ត លោក Steven Seagal ចូលរួមប្រយុទ្ធនៅអ៊ុយក្រែន?

តារាសម្តែង លោក Steven Seagal ដែលមានសញ្ជាតិពីរ៖ អាមេរិក-រុស្ស៉ី ត្រូវបានគេប្រទះឃើញ «ក្នុងចំណោមកងកម្លាំងពិសេសរុស្ស៉ី» នៅជិតរដ្ឋធានី Kyiv របស់អ៊ុយក្រែន។ រូបភាពគាត់នៅក្នុងគណនី Twitter មួយ ត្រូវបានចែកចាយបន្តដោយពិធីករមួយរូបទៀតរបស់អាមេរិក ហើយបានទាក់ទាញអ្នកចូលមើលដល់ទៅ១៤លាននាក់។ ប៉ុន្តែការពិត តារាសម្តែងវ័យ៦៩ឆ្នាំរូបនេះ មិនបានចូលរួមប្រយុទ្ធជាមួយកងកម្លាំងរុស្ស៉ីក្នុងប្រទេសអ៊ុយក្រែននោះឡើយ វាជារូបភាពកាត់ត។ ថ្លែងប្រាប់ Fox News លោកបានបដិសេធព័ត៌មានខាងលើ ហើយបានបន្ថែមថា ប្រទេសទាំងពីរជា «គ្រួសារតែមួយ» ហើយសង្ឃឹមថានឹងមាន «ដំណោះស្រាយវិជ្ជមាននិងសន្តិភាពឡើងវិញ» ។

៥៖ ទ័ពយន្តហោះចម្បាំងរុស្សីហោះពេញអាកាសអ៊ុយក្រែន‌‌!!!

ការបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកដែលកំពុងហោះហើរលើទីក្រុងមួយជាមួយនឹងសំឡេងស៊ីរ៉ែនវាយប្រហារតាមផ្លូវអាកាស បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គម។ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដោយ BBC បានរកឃើញថា រូបភាពវីដេអូនេះគឺជាការត្រៀមរៀបចំសម្រាប់ក្បួនដង្ហែយោធាមួយកាលពីឆ្នាំ២០២០ ឯណោះ។

៦៖ អ៊ុយក្រែនរៀបចំឆាកសម្តែងពីសង្គ្រាមជាមួយរុស្សី?

វីដេអូមួយរបស់នារីវ័យក្មេងម្នាក់ និងយុវជនម្នាក់ ដែលមានឈាមនៅលើមុខរបស់ពួកគេបានទទួល ការចូលមើលរាប់លានដង នៅលើបណ្តាញសង្គម ដែលគេនាំគ្នាសន្មត់ថាជាឆាកមួយដែលត្រូវបានគេជួលឱ្យសម្តែងអំពីការវាយប្រហារពីរុស្ស៉ី។ ប៉ុន្តែការពិតវីដេអូនោះ មិនពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែនទេ វាត្រូវបានគេថតនៅឆ្នាំ២០២០ សម្រាប់រឿងភាគមួយរបស់ទូរទស្សន៍នៅអ៊ុយក្រែន ហើយត្រូវបានគេបង្ហោះជាសារធារណៈម្តងហើយកាលពីខែធ្នូ នៅឆ្នាំដដែលនោះ។

អ្នកប្រើប្រាស់បណ្តាញសង្គម អាចកម្រិតការរីករាលដាលនៃព័ត៌មានមិនពិត ដោយចំណាយពេលពីរបីនាទីមុនពេលចែករំលែក ដើម្បីពិចារណាថា តើអ្វីដែលពួកគេកំពុងឃើញឬអានអាចពិតដែរឬទេ និងមកពីប្រភពដែលគួរទុកចិត្តដែរឬទេ?។ ការផ្ទៀងផ្ទាត់ជាមួយប្រភពដែលអាចទុកចិត្តបានច្រើន អាចជួយទប់ស្កាត់ ឬកាត់បន្ថយព័ត៌មាននិងរូបភាពមិនពិតទាំងនេះពីការចែករំលែកកាន់តែ ច្រើនៗឡើង៕

ដោយ៖ ពុយ គា