(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក ថេដ គ្រូស (Ted Cruz) បានធ្លាក់ចេញពីការប្រកួតហើយ បន្ទាប់ពីបានចាញ់យ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោត ក្នុងរដ្ឋ Indiana ស្របពេលដែលលោក ដូណាល់ ត្រាំភ៍ (Donald Trump) កំពុងតែនាំមុខ និងឈានទៅរកការក្លាយជាតំណាងតែមួយគត់ក្នុងបក្សនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។

លោក ថេដ គ្រួស បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងទីក្រុង Indianapolis របស់រដ្ឋ Indian បន្ទាប់ពីបញ្ចប់ការប្រកួតប្រជែងក្នុងគណបក្សដូចគ្នាថា «តាំងពីដើមរៀងមក ខ្ញុំធ្លាប់បាននិយាយថា ខ្ញុំនឹងបន្តទៅមុខរហូតលុះត្រាណាតែទទួលបាន ជោគជ័យ។ ប៉ុន្តែយប់នេះ ខ្ញុំពិតជាសូមទោស ចំពោះភាពបរាជ័យក្នុងការសម្រេចគោលដៅ។»

គួរបញ្ជាក់ថា នៅក្នុងគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំភ៍ មហាសេដ្ឋីប្រចាំទីក្រុង ញូយ៉ក នៅតែជាអ្នកនាំមុខគេដាច់ ប៉ុន្តែសម្រាប់ការគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលមាន លោកស្រី ហ៊ីលឡារី គ្លីនតុន កំពុងតែនាំមុខនោះ ហាក់ទទួលបានសំឡេងគាំទ្រខ្លាំងជាង។ សម្លឹង មើលចំពោះការបោះឆ្នោតនៅ Indiana ដែលបានចប់នៅយប់ថ្ងៃអង្គារវិញ លោក ត្រាំភ៍ បានទទួល សំឡេងគាំទ្រ ៥៣ ភាគរយទៅហើយ ដែលលើសលោក គ្រូស ដល់ទៅ ២០ភាគរយឯណោះ៕