(ឧត្តរមានជ័យ)៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ​ដោយសាររន្ទះបាញ់ ក្រៅពីនោះក៏មានប្រជាពលរដ្ឋរងបួស៤នាក់ ​​និងខូចខាតផ្ទះចំនួន៨១ខ្នង ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់យ៉ាងខ្លំាំង នៅរសៀលថ្ងៃទី៣ ​ខែមករា​ ឆ្នាំ២០១៦ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។

​​សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ​ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់​ល្ងាចមិញនេះ​ ធ្វើត្រូវខូចខាតអង់តែនវិទ្យុ ដែលបានបន្សល់ពីរបបកម្ពុជាប្រជាធិបតេយ្យ ផ្ទះតាម៉ុកជាសារមន្ទីរ របើកព្រំដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ និងរលំបាក់មែកឈើជាច្រើនដើមផងដែរ។

លោកស្នងការខេត្តឧត្តរមានជ័យ ​​ម៉ែន​ លី ​បានឲ្យភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៤​​ខែមេសានេះថា​ ករណីខ្យល់កន្ត្រាក់ល្ងាចម្សិលមិញនេះ​ បណ្តាលឲ្យខូចខាត៖ នៅឃុំអន្លង់វែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បណ្តាលឲ្យខូចខាតផ្ទះ សរុបចំនួន៨១ខ្នង ក្នុងនោះមាន រលំផ្ទះ១ខ្នង រលំសាលាប្រជុំភូមិ១ខ្នង រលំរោងតារាងប៉ាល់ទះ១ខ្នង ប៉ើងដំបូលផ្ទះ៧៨ខ្នង ដួលប៉ាយធំ២ ដួលប៉ាយតូច១៥ បាក់បង្គោលអង់តែនតេអូ១ (នៅផ្ទះតាម៉ុក) របួសមនុស្ស២នាក់ប្រុស។

លោកស្នងការបញ្ជាក់ទៀថា ចំណែកនៅសង្កាត់បុស្បូវ ក្រុងសំរោង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងមាន៖ ដួលរលំទាំងស្រុងចំនួន១ខ្នង របើកដំបូលចំនួន២ខ្នង រន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងអង្គុយក្នុងផ្ទះ មានឈ្មោះ សឿ ពិសី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិខាងលើ។ រីឯស្រុកចុងកាល់
បណ្តាលឲ្យខូចខាត​រលំផ្ទះ១ខ្នង របើកដំបូលផ្ទះ១ខ្នង​ ​របើកដំបូលសាលាអនុវិទ្យាល័យពង្រ១បន្ទប់ រលំខ្ចុះសាលាអនុវិទ្យាល័យពង្រ១ខ្នង​៕