(ភ្នំពេញ)៖ នាយខ្វែកទៅអង្គុយហូបប្រហិត តាមចិញ្ចើមថ្នល់ខាងត្បូងវត្តសារាវន្ត ល្ងាចម្សិលមិញ បានជួបបុគ្គលិករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមួយក្រុម ដោយពួកគេចេញពីកន្លែងធ្វើការ ទៅអង្គុយហូបប្រហិតពងទាកូននៅទីនោះដែរ។ មុនដំបូងនាយខ្វែក មិនសូវចាប់អារម្មណ៏ទេ ស្មានតែពួកគេមកហូបប្រហិតនិយាយលេងធម្មតា តែក្រោយពីផ្ទៀងសោតាស្ដាប់ ទៅទើបដឹងថាការមកហូបប្រហិត របស់ពួកគេដោយមានទាំង ABC កំដរផង វាមិនមែនជារឿងធម្មតាប៉ុន្មាននោះទេ គឺពួកគេមកជំនុំគ្នា រឿងថ្នាក់លើប្រកាសចែកប្រាក់ឧបត្ថម្ភ នៅថ្ងៃទី៦ ខែឧសភា ខាងមុខសោះ។

តាមពិតមិនមែនពួកគេសប្បាយចិត្ត នឹងរឿងថ្នាក់លើប្រកាសចែកប្រាក់ឧបត្ថម្ភ ហើយនាំគ្នារៃអង្គាសលុយមកផឹកស៊ី ស្កាត់មុននោះទេ គឺពួកគេនាំគ្នាមកផឹកបំបាត់ទុកតែប៉ុណ្ណោះ ព្រោះឮថាប្រាក់ឧបត្ថម្ភ ដែលថ្នាក់លើត្រៀមចែកនោះ ម្នាក់ៗបានតែប៉ុន្មានរយដុល្លារ ខណៈលុយដែលបានមកពីការដោះដូរ ទីតាំងអាគាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានដល់រាប់លានដុល្លារ។ ក្នុងនោះអ្នកខ្លះក្រោយពីបាន ABC ចូលពោះហើយក៏មានចិត្តក្លាហាន ប្រកាសត្រៀមដុតកង់ឡានតវ៉ាទៀតផង ប្រសិនបើប្រាក់ឧបត្ថម្ភគោលនយោបាយ ដែលថ្នាក់លើចែកអោយតិចតួចពេក។

បុរសម្នាក់ដែលទំនងស្គាល់នាយខ្វែកធ្វើការនៅ Fresh News បានរ៉ាយរ៉ាប់សូមអោយជួយយកសំដីរបស់ពួកគេ ទៅខ្សឹបក្រែងបានឮដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីសម្ដេចជួយដោះស្រាយជូនពួកគាត់ ដោយយុត្តិធម៏ផង។ បុគ្គលិកម្នាក់បានលើកឡើងថា កាលពី៤ ទៅ៥ឆ្នាំមុន ទីតាំងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនេះ ត្រូវបានគេលើកគំរោងដោះដូរ ទៅអោយឯកជនម្ដងហើយ តែកាលណោះតំលៃនៃការដោះដូរ គេវាយតំលៃតែជាង៣លានដុល្លារប៉ុណ្ណោះ ហើយថ្នាក់លើគ្រោងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់បុគ្គលិកម្នាក់ បីបួនរយដុល្លារ ធ្វើអោយបុគ្គលិកភាគច្រើន មិនសុខចិត្តក៏សរសេរលិខិតប្ដឹងទៅសម្ដេចតេជោ ហើយសម្ដេចក៏បញ្ជាអោយផ្អាក និងអោយក្រសួងសេដ្ឋកិច្ច ធ្វើការវាយតំលៃឡើងវិញ។ ចុងក្រោយឮថាតំលៃនៃការដោះដូរ គឺជាង៦លានដុល្លារ ដោយក្រុមហ៊ុនទទួលសិទ្ធិ នឹងធ្វើការសាងសង់អាគារ នៅលើដីរដ្ឋក្នុងបរិវេណ ព្រលានយន្តហោះអន្តរជាតិភ្នំពេញអោយ។

ខណៈដែលគំរោងដោះដូរលើកនេះ ជិតក្លាយជាការពិត ព្រោះអាគារដែលក្រុមហ៊ុនសង់ អោយក៏ជិតរួចរាល់នោះ ស្រាប់តែកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ អគ្គនាយករដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្ដីជូនដំណឹងដល់ ថ្នាក់ដឹកនាំមន្ត្រីរាជការ ថ្នាក់កណ្ដាល ចំណុះអោយរដ្ឋលេខាធិការដ្ឋានទាំងអស់ មកបើកប្រាក់ឧបត្ថម្ភនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ដែលការប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានបុគ្គលិកភាគច្រើន អះអាងថាគ្មានអ្វី ក្រៅពីលុយបានមកពីការដោះដូរ ទីតាំងអាគាររដ្ឋលេខាធិការដ្ឋាននោះទេ ហើយពួកគេឮថាបុគ្គលិកម្នាក់ៗ ទំនងបាន៣០០ ទៅ៤០០ដុល្លារតែប៉ុណ្ណោះ។ ពួកគេលើកឡើងថាបើបានប៉ុណ្ណេះមែន ពួកគេមិនសុខចិត្តទេ ព្រោះអ្នកខ្លះខំធ្វើការខាំស្មៅ២០ ទៅ៣០ឆ្នាំមកហើយ លុយលក់ (ដោះដូរ) បានរាប់លានដុល្លារ រឿងអីចែកអោយពួកគេ ដូចចែកលុយអោយយកទៅទិញចេកចៀនស៊ីនោះ។

ឥឡូវគេកំពុងរង់ចាំមើល តើនឹងមានរឿងអ្វីកើតឡើងនៅថ្ងៃទី៦ ខែឧសភាខាងមុខនេះ ប្រសិនបើការចែកលុយមានចំនួនតិចតួចមែន ហើយបុគ្គលិកភាគច្រើន មិនសុខចិត្តនាំគ្នាដុតកង់ឡានតវ៉ាមែននោះ.!។

ខាងលើនេះគឺគ្រាន់តែជាសំដី ដែលនាយខ្វែកលួចកត់នៅក្នុងខួក្បាល បានមកពីការរ៉ាយរ៉ាប់របស់បុគ្គលិក អាកាសចរស៊ីវិលខ្លះៗតែប៉ុណ្ណោះ បន្ទាប់ពីពួកគេត្រូវថ្នាំ ABC ជាមួយប្រហិត ពងទាកូនម្នាក់បីបួនកំប៉ុងរួចមក តែរឿងរ៉ាវពិតយ៉ាងណានោះ គេនៅមិនទាន់ដឹងឡើយ ដ៏រាបណាអាប៉ោងនៅមិនទាន់បើកគ្របទេនោះ៕