(បាងកក)៖ ប្រទេសថៃបានសម្រេច ទិញទូកនេសាទមួយចំនួនមកកែឆ្នៃ រួចបាញ់ពន្លិចចូលទៅក្នុង ផ្ទៃសមុទ្រក្នុងន័យធ្វើជាជម្រកដល់សត្វ និងរុក្ខជាតិសមុទ្រផង និងជាការបង្ក្រាបបទល្មើសនេសាទ ដែលតែងតែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃផង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦។

ចំណាត់ការខាងលើនេះ បានធ្វើឡើងក្នុងន័យបង្ក្រាបបទល្មើស ជាលក្ខណៈទ្រង់ទ្រាយធំ ដែលកើតមានក្នុងដែនទឹកសមុទ្ររបស់ប្រទេសថៃ។ អ្នកនាំពាក្យនៃ មជ្ឈមណ្ឌល បង្ក្រាបការនេសាទខុសច្បាប់ លោក Jumpol Lumpikanond បាននិយាយថា រដ្ឋាភិបាល បានចំណាយថវិកា ៣លានដុល្លារអាមេរិក ដើម្បីទិញទូកនេសាទ ៥១គ្រឿងមកកែឆ្នៃ រួចសឹម បាញ់ពន្លិចវាចូលទៅក្នុងផ្ទៃសមុទ្រ នៃខេត្តសាមុត សាខន ភាគនិរតីនៃទីក្រុងបាងកក។

គួរបញ្ជាក់ថា ទូកដែលត្រូវបាញ់ពន្លិចទាំងនោះ នឹងក្លាយទៅជាជម្រក ក្រោមសមុទ្ររបស់មច្ឆា រុក្ខជាតិ និងសត្វដទៃទៀតក្នុងបាតសមុទ្រ ក្នុងរយៈពេលរាប់ឆ្នាំទៅមុខ។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរថៃ មិនទាន់ដឹងថា តើគេមានគម្រោងទិញទូកនេសាទ ដែលមានបំពាក់អួន ប៉ុន្មានគ្រឿងទៀត ដើម្បីបំពេញគោលដៅគាំពារជីវៈចំរុះក្នុងសមុទ្រនោះឡើយ ប៉ុន្តែវិធីនេះ អាចជាការ កាត់បន្ថយអំពើល្មើសច្បាប់នេសាទ និង បង្កើនចំនួនជីវៈចំរុះឡើងវិញក្នុងពេលតែមួយ៕