(ភ្នំពេញ)៖ នៅក្នុងថ្ងៃដែលពិភពលោកប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ខួបលើកទី ២៥ឆ្នាំនោះ សហភាពអឺរ៉ុប បានប្រកាសថ្កោលទោសនូវសកម្មភាព ដែលឡាយ ដែលធ្វើការបំភិតបំភ័យ និងអំពើហិង្សាទាំងឡាយ ចំពោះអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងបុគ្គលផ្សេងៗទៀតនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។

អ្នកស្រី Federica Mogherini តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានគូសបញ្ជាក់ថា សិទ្ធិក្នុងការទទួលបានសេរីភាពក្នុងការបញ្ចេញមតិ រួមមានសេរីភាពស្រាវជ្រាវ ទទួល និងផលិតព័ត៌មាន។ សិទ្ធិនេះ គឺជាធាតុដ៏សំខាន់មួយនៃអភិបាលកិច្ច និងការអភិវឌ្ឍបែបប្រជាធិបតេយ្យ។ មនុស្សត្រូវការទទួលបានព័ត៌មាន ពេញលេញដើម្បីអាចបង្កើតគំនិត និងចូលរួមក្នុង ដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់ខ្លួន។ សេរីភាពសារព័ត៌មាន ក៏ចូលរួមចំណែកនៅក្នុងការធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ច និងលើកកម្ពស់តម្លាភាពនៅក្នុង កិច្ចការសាធារណៈ ហើយអាចប្រើប្រាស់ជាឧបករណ៍ដើម្បីធ្វើឲ្យរដ្ឋាភិបាលមានគណនេយ្យភាព ចំពោះសកម្មភាពរបស់ខ្លួនផងដែរ ជាពិសេសនៅពេលដែលការទទួលបានព័ត៌មានដែលជួយ បង្ហាញអំពីករណីរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយជាដើមនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនអ្នកស្រី Federica Mogherini ការធានាឲ្យមានការទទួលបានព័ត៌មានអាចជួយលើកកម្ពស់យុត្តិធម៌ និងស្ដារស្ថានភាពឡើងវិញ ជាពិសេសបន្ទាប់ពីរយៈពេល នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

អ្នកស្រី Federica Mogherini បានបញ្ជាក់ថា សហភាពអឺរ៉ុប ប្ដេជ្ញាបន្តលើកកម្ពស់ និង ការពារសេរីភាពក្នុងការបញ្ចេញមតិទូទាំងពិភពលោក គឺមិនត្រឹមតែនៅក្រៅបណ្ដាញអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងបច្ចេកវិទ្យាសារគមនាគមន៍ និង ព័ត៌មានវិទ្យាផ្សេងៗទៀតផងដែរ ដូចដែលបានគូស បញ្ជាក់នៅក្នុងសេចក្តីអនុម័តកាលពីឆ្នាំ២០១៤ ទៅលើគោលការណ៍ណែនាំស្ដីពីសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងសេរីភាពក្នុងការបញ្ចេញមតិទាំងនៅក្នុងបណ្ដាញអ៊ីនធឺណិត និងក្រៅបណ្ដាញអ៊ីនធឺណិតផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នេះ សហភាពអឺរ៉ុប បានថ្កោលទោស ចំពោះការកើនឡើងនូវការបំភិតបំភ័យ និង អំពើហិង្សា ចំពោះអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងបុគ្គលផ្សេងៗទៀតនៅក្នុងប្រទេសជាច្រើនទូទាំង ពិភពលោក នៅពេលដែលពួកគេប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនក្នុងការបញ្ចេញមតិទាំងនៅក្នុង បណ្ដាញអ៊ីនធឺណិត និងក្រៅបណ្ដាញអ៊ីនធឺណិត។

ក្រៅពីការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទូទៅ សហភាពអឺរ៉ុបប្ដេជ្ញាប្រឆាំងនឹងច្បាប់ក៏ដូចជាការ អនុវត្តទាំងឡាយដែលដាក់ការត្រួតពិនិត្យទៅលើការបោះពុម្ពផ្សាយ ជំរុញឲ្យមានស្វ័យត្រួតពិនិត្យ ទៅលើការបោះពុម្ពផ្សាយ ឬធ្វើការពិន័យផ្លូវច្បាប់ រួមទាំងការដាក់ទោសព្រហ្មទណ្ឌ ហិរញ្ញវត្ថុ និងរដ្ឋបាល ក៏ដូចជាប្រយុទ្ធប្រឆាំងចំពោះការប្រើប្រាស់ ដោយមិនត្រឹមត្រូវនូវអំណាចទីផ្សារ ក៏ដូចជាលក្ខខណ្ឌសេដ្ឋកិច្ចមិនល្អផ្សេងៗទៀតផងដែរ។

សហភាពអឺរ៉ុប បានប្ដេជ្ញាលើកកម្ពស់ និងគាំទ្រ សេរីភាពក្នុងការបញ្ចេញមតិ ឲ្យក្លាយជាសិទ្ធិដែលអស់គ្នាអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង ស្របតាមគោលការណ៍សមភាព ការមិនរើសអើង និងភាពជាសកលតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ណាក៏ដោយ និងដោយគ្មានព្រំដែនឡើយ៕