(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Facebook បញ្ជាក់ជំហរក្នុងការការពារសុខសន្ដិភាព ឲ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ។

តាមរយៈសារដដែលនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ទៀតថា ទម្រាំមាតុភូមិកម្ពុជាមានដូចសព្វថ្ងៃនេះ គឺត្រូវឆ្លងកាត់ការលះបង់ជាច្រើន ដើម្បីបុព្វហេតុប្រជាជនរស់នៅក្នុងសុខសន្ដិភាព ហើយកម្ពុជា គឺជារដ្ឋឯករាជ្យអធិបតេយ្យពេញលេញ ដែលមានសិទ្ធិគ្រប់គ្រាន់ រួមទាំងសិទ្ធិ ក្នុងការសម្រេចជោគវាសនារបស់ខ្លួន។

លោក ហ៊ុន ម៉ានី បានរៀបរាប់បែបនេះថា «ទម្រាំយើងមកដល់ដូចពេលនេះ គឺត្រូវឆ្លងកាត់ការលះបង់ជាច្រើមដើម្បីបុព្វហេតុប្រជាជនរស់នៅក្នុងសុខសន្តិភាព។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យអធិបតេយ្យពេញលេញ ដែលមានសិទ្ធិគ្រប់គ្រាន់រួមទាំងសិទ្ធិក្នុងការសម្រេចជោគវាសនារបស់ខ្លួន។ ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការគំរាមកំហែងណាមួយ ទោះតូចក្តី ឬធំក្តី គឺមិនអាចលើកលែងបានជាដាច់ខាត ហើយយើងនឹងការពារសន្តិភាពឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ»

គួរជម្រាបថា ការប្រកាសរបស់លោក ហ៊ុន ម៉ានី ហាក់ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅកំពត ទើបតែប្រកាសជាថ្មីម្ដងទៀតថា សន្ដិភាព គឺជានយោបាយអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បើធានាសន្ដិភាពមិនបានទេនោះ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យសោះ។ សម្ដេចសង្កត់ធ្ងន់ថា សម្តេចអាចរកសន្តិភាពដោយការបញ្ចប់ភ្លើងសង្គ្រាមបាន តែមិនអាចរកសន្តិភាពផ្លូវចិត្តចំពោះអ្នកមានពិរុទ្ធភាពនោះឡើយ៕