(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ចាប់ពីថ្ងៃទី ២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការបញ្ជាក់អំពីដំណើរទស្សនកិច្ចនេះ បានធ្វើឡើងក្នុងសន្និសីទកាសែតមួយ ក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ នៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណជាង៤៣លានដុល្លារ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តមក៏បានលើកឡើងផងដែរអំពីផែនការរបស់ឯកឧត្តម ដើម្បីទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ»

កន្លងទៅនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្លាប់ជូនដំណឹងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅសប្តាហ៍ទី២ ខែមីនា ដោយភ្ជាប់ជាមួយបេសកកម្មជួបភាគីពាក់ព័ន្ធ និងជំនួយមនុស្សធម៌។ ការប្រកាសរបស់ លោកឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន។

លោកត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ ក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។ ទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ធ្វើឡើងបន្ទាប់ពីមានទស្សនកិច្ចបើកផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែមករា ឆ្នាំ២០២២។

អំឡុងទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន, មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារពេលបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ព្រមទាំងធានាសម្របសម្រួលឱ្យប្រេសិតពិសេសប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់ផងដែរ។

បើតាម លោកប្រាក់ សុខុន, សម្រាប់កម្មវិធីនៃដំណើរទស្សនកិច្ចរបស់លោកខាងមុខនេះ គឺអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងចំណុចកុងសង់ស៉ីស ៥ចំណុច ដែលដាក់ចេញក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមេសាឆ្នាំមុន ដោយក្នុងនោះមានការជួបជាមួយភាគីពាក់ព័ន្ធ។

ក្នុងគម្រោងទស្សនកិច្ចនៅខែនេះ លោកមានគម្រោងស្នើជួបជាមួយ លោក មីន អោងឡាំង ស្នើជួបរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា និងស្នើជួបឥស្សរជនផ្សេងទៀត ដែលខាងរដ្ឋបាលទីក្រុងណៃពិដោរ នឹងសម្រួលឱ្យជួប។

ប្រមុខការទូតកម្ពុជា បានអះអាងថា លោកក៏គ្រោងនឹងទៅទីក្រុង យ៉ង់ហ្គូន ដើម្បីចែកជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យមួយកន្លែង ហើយធ្វើយ៉ាងណាធានាថា ជំនួយដែលអាស៊ានផ្តល់ទៅមីយ៉ាន់ម៉ា បានទៅដល់អ្នកដែលត្រូវការ ហើយទីកន្លែងដទៃទៀត នឹងអាស្រ័យលើពេលវេលាជាក់ស្តែង។ លោកក៏គ្រោងជួបជាមួយអគ្គរដ្ឋទូតទាំងអស់របស់អាស៊ាន ប្រចាំនៅទីក្រុងយ៉ង់ហ្គូន ដើម្បីស្តាប់មតិយោបល់ សម្រាប់ការវាយតម្លៃអំពីស្ថានភាព និងតម្រូវការរបស់ភាគីម្ខាងៗផងដែរ។

មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយការបោះឆ្នោត។ វិបត្តិនេះបានអូសបន្លាយប្រមាណមួយឆ្នាំមកហើយ ហើយបង្កជាអំពើហិង្សា និងការផ្ទុះអាវុធជាបន្តបន្ទាប់។

លោក ប្រាក់ សុខុន បន្តថា បញ្ហាស្មុគស្មាញនៅមីយ៉ាន់ម៉ា ទាមទារពេលវេលា ការអត់ធ្មត់ និងទាមទារអភិក្រមមួយប្រកបដោយភាពជាក់ស្តែង ហើយបានបញ្ជាក់ទៀតថា របបយោធាបានចាក់ឫសយ៉ាងជ្រៅហើយ ក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ។ នយោបាយក៏ពិបាក ស្ថានភាពផ្ទៃក្នុងមីយ៉ាន់ម៉ា មានជាង១២០ក្រុមជនជាតិ ក្នុងនោះមាន ១៨ក្រុមប្រដាប់ដោយអាវុធ ហើយក្នុង១៨ក្រុមនោះមានតែ១១ក្រុមទេ ដែលចុះបទឈប់បាញ់ ខណៈ៧ក្រុមទៀតនៅបន្ត ហើយក្នុងនោះមាន៤ក្រុមសុទ្ធតែជាក្រុមខ្លាំង ដូច្នេះលោករំពឹងថា មីយ៉ាន់ម៉ាមិនងាយឈប់បាញ់ទេ៕