(កណ្ដាល)៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានស្នើរដល់ប្រជាពលរដ្ឋដែលលក់ដូរតាមដងផ្លូវទាំងអស់ សូមមេត្តាចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរ និងមិនលក់ដូររំលោភលើចំណីផ្លូវសាធារណ: ដើម្បីជួយលើកម្ពស់សោភ័ណភាពទីក្រុងស្អាត ទីក្រុងមានសណ្ដាប់ធ្នាប់ល្អ មានភាពថ្លៃថ្នូរក្នុងសង្គម។

ការអំពាវនាវបែបនេះ របស់លោកអធិការក្រុងតាខ្មៅ នៅគ្រាដែលលោកបានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោក ភឿន វ៉ាត ចុះរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវជាតិលេខ២ ចាប់ពីមុខស្នងការដ្ឋានដល់រង្វង់មូលលោកតាខ្មៅ និងចាប់ពីមុខមន្ទីរពេទ្យបង្អែកជ័យជំនះផ្លូវ១០៧ និងចាប់ពីរង្វង់មូលតាខ្មៅដល់មុខសាលាវិទ្យាល័យសេរីភាពទាំងសងខាងផ្លូវធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរាប់រយល្អ មានផ្លូវថ្មើរជើងដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។

លោកអធិការបានបន្តថា កម្លាំងសណ្ដាប់ធ្នាប់ក្រុងក្រុង បន្តចុះរៀបចំឱ្យដូចភ្លៀងរលឹម នៅចំណុចរង្វង់មូលតាម៉ៅ ដល់ផ្លូវK១២, ចំណុចផ្លូវ២១បេ ដល់ចំណុចព្រុំប្រទល់ឈូងលាភ។

ជាមួយគ្នានេះដែរ លោកអធិការក្រុង នៅតែបន្តទទូចស្នើសុំអាជីវករលក់ដូរទាំងអស់សូមមេត្តាយោគយល់ ចូលរួមទាំងអស់គ្នាដើម្បីទីក្រុងតាខ្មៅមានសណ្ដាប់ធ្នាប់ល្អ៕