(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ បានជំរុញដល់មន្ត្រីជំនាញសុខាភិបាល និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យជាប្រចាំដើម្បីឃាត់ទុក បំផ្លាញចោល និងទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឈានទៅលុបបំបាត់ជាស្ថាពរ ព្រមទាំងបន្តពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ។

ការថ្លែងបែបនេះរបស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារលុបបំបាត់ឱសថក្លែងក្លាយ និងសខាសុខាភិបាល ខុសច្បាប់ ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

លោក តូច ប៉ូលីវ៉ា បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់មន្ទីរសុខាភិបាលខេត្តក៏ដូចជាសមត្ថកិច្ចដែលពាក់ពន្ធ័ក្នុងបរិបទជំងឺកូវីដ១៩នេះ។

លោកបានបន្ថែមថា មន្ត្រីសុខាភិបាលត្រូវធ្វើផែនការសកម្មភាព និងផែនការថវិកាដើម្បីធានាឲ្យការអនុវត្តការងារដំណើរការដោយរលូន ណែនាំឲ្យរៀបចំការងារបណ្ដុះបណ្ដាលទៅដល់មន្ត្រីជំនាញអំពីរបៀបពិនិត្យមើលទិដ្ឋការ អាជ្ញាប័ណ្ណ របស់ក្រសួងសុខាភិបាលនាំចូលត្រឹមត្រូវនៅតាមបណ្ដាយក្រុង-ស្រុកទាំង៨ ចង្អុលបង្ហាញឲ្យរៀបចំវេនយាមប្រចាំការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឲ្យប្រសិទ្ធភាពនិងបម្រើសេវាដល់អ្នកជម្ងឺទាន់ពេលវេលា។

លោកក៏មានទំនុកចិត្តថា វិស័យសុខាភិបាលក្នុងខេត្តរបស់យើងនឹងសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាពថ្មីៗច្រើនថែមទៀត និងជាពិសេសការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឲ្យសម្រេច បានជោគជ័យ១០០ភាគរយ មិនតែប៉ុណ្ណោះ លោក លោកស្រីប្រធានការិយាល័យប្រតិបត្តិស្រុកក្រុងទាំងអស់ត្រូវ បន្តផ្សព្វផ្សាយដល់មន្ត្រីបុគ្គលិកមណ្ឌលសុខភាព តាមក្រុងស្រុករបស់ខ្លួន ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺដែលមានការសង្ស័យឆ្លងកូវីដ១៩ និងបន្តប្រយុទ្ធជាមួយជំងឺកូវីដ១៩ ខណ:បច្ចប្បន្ននេះ ជំងឺកូវីដប្រភេទអូមីក្រុងក្នុងសហគមន៍កម្ពុជាកើនជិត១ម៉ឺននាក់ទៅហើយ៕