(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានចេញប្រកាសមួយដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ នេះបើតាមប្រកាស ចេញដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកាសវនាការជាសាធារណៈ ដោយបិទផ្លូវតវ៉ា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កន្លងទៅក្រសួងមហាផ្ទៃ បានរកឃើញអំពីភាពមិនប្រក្រតី ក្នុងការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះមានដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាដើម។

ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ ក៏បានសម្រេចបដិសេធចំពោះការស្នើសុំចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ផងដែរ។

សូមបញ្ជាក់ថា ក្រោយពីមានលិខិតបដិសេធពីក្រសួងមហាផ្ទៃ ទើបកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីតវ៉ាចំពោះករណីនេះ៕