(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មានគណបក្សនយោបាយចំនួន១១ បានស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមីនានេះ។

គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតពីគណបក្សនយោបាយចំនួន១១ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

សូមជម្រាបជូនថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ធ្វើឡើងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតអាចធ្វើឡើងតាម ២របៀប គឺគណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះដោយដៃ ឬគណបក្សនយោបាយអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត៕