(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ពេលនេះចំពោះសង្រ្គាមដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញផ្ទៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២មកនេះ ដែលធ្វើឲ្យពិភពលោកកំពុងរំជើបរំជួលដូចយើងឃើញនេះ គឺផ្ដើមចេញពីមហិច្ឆតាដ៏ខុសឆ្គងនៃល្បែងអុកការទូត នៃភូមិសាស្រ្ដនយោបាយរបស់ សហរដ្ឋអាមេរិក ដែលជាស្តេចអង្គុយលើបល្ល័ងណាតូ ក្នុងបំណងប្រែក្លាយអ៊ុយក្រែន ឲ្យទៅជាបន្ទាយកងទ័ពរបស់ណាតូ ដើម្បីហ៊ុព័ទ្ធទៅលើរុស្ស៊ី នៅឧបទ្វីអឺរ៉ុបខាងកើត។

ព្រោះខ្សែបន្ទាត់សន្ដិសុខរបស់មហាអំណាចសព្វាវុធរុស្ស៊ី ត្រូវបានកំណត់យ៉ាងរឹងតឹងបំផុត ក្រោយពីសង្រ្គាមលោកលើកទី២។ ជាក់ស្ដែងសូម្បីនៅឆ្នាំ១៩៦២ សហរដ្ឋអាមេរិកបានបញ្ជួនមីស៊ីលមកតំាងនៅតួកគី គឺស្ទើរតែផ្ទុះសង្រ្គាមអាវុធប្រល័យលោកទៅហើយនាពេលនោះ។

អីចឹងចំពោះអ៊ុយក្រែន បើចូលជាសមាជិកបក្ខសម្ព័នយោធាណាតូ NATO ៣០ប្រទេសរបស់លោកខាងលិច ដែលមានសហរដ្ឋអាមេរិកជាស្តេចអង្គុយលើបល្ល័ង្គណាតូនេះ គឺប្រាកដណាស់ នឹងអនុញ្ញាតិឲ្យកាំជ្រួចទៅដល់រុស្ស៊ីតែក្នុងរយៈពេលមិនដល់៥នាទីប៉ុណ្ណោះ និងបូករួមទំាងការបើកប្រតិបត្តិការជើងគោកពេញលេញ តាមបណ្តោយព្រំដែនរុស្ស៊ី ជាមួយអ៊ុយក្រែន ដែលជាផ្នែកដ៏ធំបំផុតនៃព្រំដែនភាគខាងលិចរបស់រុស្ស៊ី។ ព្រោះចំណុចស្នូលនៃសន្ធិសញ្ញា NATO គឺមាត្រា៥ ដែលជាការប្តេជ្ញាចិត្តថា ការវាយប្រហារលើប្រទេសណាតូណាមួយ ត្រូវបានចាត់ទុកជាការវាយប្រហារលើសម្ព័ន្ធមិត្តណាតូទាំងមូល។

លោក រត្ន័ សណ្ដាប់ បន្ដថាបើយើងងាកទៅក្រោយបន្ដិច យើងឃើញថា ល្បែងអុកការទូតនៃភូមិសាស្រ្ដនយោបាយរវាងរស្ស៊ី និងណាតូ គឺរុស្ស៊ីបានបង្ហាញនូវការទាមទារ របស់ខ្លួនទៅ NATO ដោយកុំឲ្យអង្គការយោធានេះ ធ្វើការពង្រីកខ្លួនទៅទិសខាងកើត និងបដិសេធសមាជិកភាពរបស់អ៊ុយក្រែន ចូលជាសមាជិកណាតូ ដើម្បីថែរក្សាសន្តិភាពនៅក្នុងឧបទ្វីបអឺរ៉ុប។ ប៉ុន្ដែរាល់សំណើរបស់រុស្ស៊ី ត្រូវបានណាតូ ទាត់ចោលម្ដងហើយម្ដងទៀត ទៅលើការប្តេជ្ញាចិត្តដ៏មុតមំានៃ ខ្សែបន្ទាត់សន្ដិសុខរបស់រុស្ស៊ី និងថែមទំាងផ្ដល់ជំនួយសម្ភារ:សព្វាវុធយោធាទៅឲ្យអ៊ុយក្រែន ដោយពុំខ្វល់នឹងខ្សែបន្ទាត់សន្ដិសុខរបស់រុស្ស៊ីទ្បើយ។

បើពោលឲ្យខ្លី NATO ហាក់មានចេតនាចាត់ទុករស្ស៊ី ជាសត្រូវ ដែលត្រូវទាត់ចេញពីមហាអំណាចសព្វាវុធពិភពលោក ព្រោះក្នុងទស្សនជាតិនិយមរបស់ពួកលោកខាងលិច តែងចាត់ទុកពួកខ្លួនថាឆ្លាតនិងគ្រប់គ្រងពិភពលោក។

ស្ថិតក្នុងល្បែងអុកការទូត នៃភូមិសាស្រ្ដនយោបាយនេះ រុស្ស៊ីបានឈានដល់ការទទួលស្គាល់នៃការបំបែករដ្ឋនៅ ដូនេត Donetsk និងលូហាន់្ស Luhansk នៅតំបន់ ដុងបាស់ Donbas នៃភាគខាងកើតអ៊ុយក្រែន ដែលមានជម្លោះអស់រយៈពេលប្រាំបីឆ្នាំមកហើយ។ ដោយក្នុងនោះទីក្រុងម៉ូស្គូបានចេញលិខិតឆ្លងដែនរុស្សីចំនួន ៨០០,០០០ ដល់ប្រជាជនក្នុងតំបន់ និងពាក្យស្នើសុំចំនួន ៤០០,០០០នាក់ទៀតកំពុងដំណើរការ ធ្វើឲ្យប្រជាជនក្នុងតំបន់ទំាងនេះប្រហែល៣,៥ លាននាក់ទៅជាពលរដ្ឋរុស្ស៊ីយ៉ាងមានប្រសិទ្ធភាព។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា ស្ថិតក្នុងល្បែងអុកការទូតនៃភូមិសាស្រ្ដនយោបាយរវាងរស្ស៊ីនិងណាតូនេះ គឺសហរដ្ឋអាមេរិកជាស្តេចអង្គុយលើបល្ល័ង្គណាតូ បានតស៊ូមតិ ដោយមិននឿយហត់ចំពោះគោលនយោបាយបើកចំហរបស់ ណាតូ ដើម្បីអនុញ្ញាតិឲ្យអ៊ុយក្រែន ចូលជាសមាជិកហើយ ថែមទាំងបានស្រោចទណ្ឌកម្មទៅលើរុស្ស៊ី ដូចទឹកភ្លៀង។ បន្ថែមពីលើនេះទៀត សហរដ្ឋអាមេរិកបានផ្ដល់ជំនួយសព្វាអាវុធយោធាឲ្យអ៊ុយក្រែន ចាប់តាំងពីខែមករា ឆ្នាំ២០២២មក ដោយដឹកជញ្ជូនតាមយន្តហោះដឹកទំនិញចំនួន៨លើក ដែលមានអាវុធ និងឧបករណ៍យោធាចំនួន៦៥០តោន ទៅកាន់ប្រទេសអ៊ុយក្រែន ហើយបើគិតចាប់តាំងពីឆ្នាំ២០១៤ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយចំនួន២,៧ពាន់លានដុល្លារដល់ទីក្រុងគៀវ Kyiv។

អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀតនោះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលែនស្គី Volodymyr Zelensky បានថ្លែងនូវចំណុចរបត់ដោយគម្រាមថា អ៊ុយក្រែននឹងបោះបង់ឋានៈដែលមិនមានអាវុធនុយក្លេអ៊ែរ ជាហេតុធ្វើឲ្យរុស្ស៊ី កាន់មានការប្រុងប្រយ័ត្នថែមទៀតចំពោះបច្ចេកវិទ្យា នុយក្លេអ៊ែរធ្លាក់ចូលក្នុងដៃរបស់អ៊ុយក្រែន។

ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើឈរលើល្បែងអុកការទូតនៃភូមិសាស្រ្ដនយោបាយរវាង រស្ស៊ី និងណាតូ សព្វថ្ងៃបើទោះបីអ៊ុយក្រែន ពុំមែនជាសមាជិកណាតូ ក៏ដោយ ប៉ុន្តែប្រទេសអ៊ុយក្រែនបានទទួលថវិកាយោធាធំជាងគេទីបួនពីសហរដ្ឋអាមេរិក នឹងបូករួមទំាងកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់រវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀតនោះ គឺជាការគំរាមកំហែងទៅដល់រុស្ស៊ី។

ដូច្នេះស្ថិតត្រង់ចំណុចនេះហើយ ជាហេតុធ្វើឲ្យវិមានក្រឹមឡាំង មើលឃើញថា អ៊ុយក្រែន ពុំមែនជាសមាជិកនៃអង្គការយោធាណាតូ ក៏ពិតមែន ប៉ុន្តែ អ៊ុយក្រែន បានក្លាយជា សមាជិកក្រៅផ្លូវការរបស់ណាតូ ដោយគ្មានការសម្រេចចិត្តជាផ្លូវការ។ ម្យ៉ាងទៀត រុស្ស៊ី ក៏មានអារម្មណ៍ហាក់ដូចជា មានការហត់នឿយនូវរាល់ល្បែងអុកការទូត នៃភូមិសាស្រ្ដនយោបាយ របស់ណាតូផងដែរ។ ហេតុនេះចំពោះសង្រ្គាមដែលកំពុងឆេះនៅ អ៊ុយក្រែន គឺជាល្បែងអុកការទូត នៃភូមិសាស្រ្ដនយោបាយ ព្រោះប្រសិនបើរុស្ស៊ីមិនអុកកំទេចទេ កិច្ចសហប្រតិបត្តិការយោធារវាងណាតូ និងអ៊ុយក្រែននឹងកាន់តែរឹងមាំ ហើយកាន់តែទំនើប៕