(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ នៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណជាង៤៣លានដុល្លារ។

គម្រោងទាំង២នោះ រួមមាន ១៖ ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីនដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨,២ លានដុល្លារអាមេរិក) និង ២៖ ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦ លានយ៉េន (ប្រមាណ ២៥,៣លានដុល្លារអាមេរិក)។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ជំនួយរបស់ជប៉ុនលើគម្រោងការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីនដំណាក់កាលទី២ នឹងជួយឱ្យមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) អាចបន្តបេសកកម្មរបស់ខ្លួន ដើម្បីបោសសម្អាតគ្រាប់មីននៅតាមតំបន់ឆ្ងាយៗ ជាពិសេសនៅតាមបណ្តោយព្រំដែន ដើម្បីអាចឱ្យប្រជាជនមូលដ្ឋានទទួលផលប្រយោជន៍ពីសកម្មភាពកសិកម្មលើដី ដែលបានបោសសម្អាតគ្រាប់មីនរួច។

លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងនានាពាក់ព័ន្ធនឹងការដោះមីននៅកម្ពុជា តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងឧបករណ៍ ទាំងក្រោមភ្នាក់ងាររបស់រដ្ឋាភិបាលជប៉ុន និងអង្គការមិនមែនរដ្ឋាភិបាល។

លោកបានគូសបញ្ជាក់បន្ថែមថា ក្រោមគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តនឹងត្រូវបានពង្រីកបន្ថែមទៀត ទៅលើសមត្ថភាពបណ្តាញចែកចាយ និងសមាមាត្រគ្របដណ្តប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង ដែលបណ្តាលមកពីកំណើន នៃចំនួនប្រជាជននៅក្នុងខេត្ត។ ប្រទេសជប៉ុន ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជាផងដែរ ដោយបានផ្តល់ទាំងជំនួយឥតសំណង និងកម្ចី ក្នុងការពង្រីកគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ពោធិ៍សាត់ និងតាខ្មៅ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ ហើយជំនួយទាំងនោះបានគ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការអប់រំ ការផ្គត់ផ្គង់ទឹក និងការដោះមីន និងបានចូលរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សរបស់កម្ពុជា។

លោក ឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់ ដោយពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យជាច្រើនរវាងកម្ពុជា និងជប៉ុន នៅតែបន្តរីកចម្រើន ទោះបីជាមានការលំបាកដោយសារជំងឺរាតត្បាតកូវីត-១៩ ក្តី។

លោក ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន ដែលថ្នាក់ដឹកនាំពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរបន្ថែមទៀត ខណៈឆ្នាំនេះជាខួបលើកទី ៣០ នៃបេសកកម្មនៅក្រៅប្រទេសលើកដំបូងរបស់កងកម្លាំងស្វ័យការពារជាតិជប៉ុន ប្រចាំកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (PKO)។

លោក ឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញផងដែរ អំពីជំនួបតាមទូរស័ព្ទជាមួយសមភាគី ជប៉ុនរបស់លោកចំនួនពីរដង និងដំណើរទស្សនកិច្ចប្រកបដោយជោគជ័យទៅកាន់ប្រទេសជប៉ុនរបស់លោក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលជាសក្ខីភាព នៃការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យកាន់តែស៉ីជម្រៅនូវទំនាក់ទំនងក្នុងវិស័យការពារជាតិ។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា តាមរយៈការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលដំណើរទស្សនកិច្ចនេះ គឺដើម្បីបំបែកភាពជាប់គាំង និងបើកផ្លូវឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។ លោក ក៏បានលើកឡើងផងដែរអំពីផែនការរបស់លោក ដើម្បីទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ពីថ្ងៃទី ២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕