(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

ក្នុងសុន្ទរកថាបិទសន្និបាតនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា ផ្អែកលើបញ្ហាប្រឈមជាសកល និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនោះ លោកបានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗ ចំនួនប្រាំបួនចំណុចសំខាន់ៗ មានដូចជាការ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តចូលរួមថែរក្សា ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ត្រូវការពារសន្តិសុខជាតិឱ្យបានរឹងមាំ សំដៅធានានូវ ប្រក្រតីភាពនៃស្ថាប័នជាតិ ការពារព្រះមហាក្សត្រ ការពាររបប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្តជំរុញលើកកម្ពស់លិទ្ធប្រជាធិបតេយ្យសេរីពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាព គ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ និងការពង្រឹងនិតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ជាមួយគ្នានោះត្រូវ បង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពនានារបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប្រឌិតបំផុសបំផុល ញុះញង់ ប៉ុនប៉ង បង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម។
បង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបសកម្មភាព លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។

រួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់នៅតាមមូលដ្ឋាននីមួយៗ ឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងមានព្រឹត្តិការណ៍ធំៗ ចំនួន២ គឺការទទួលតួនាទីជាប្រធានប្តូរវេន របស់អាស៊ាន និងការរៀបចំដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខ។ ហេតុនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមបន្តបរិយាយកាសល្អប្រសើរជាទូទៅ ដល់ការរៀបចំកិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានាក្នុងពេលដែលកម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរបស់ អាស៊ាន។ មួយវិញទៀត ត្រូវផ្តល់នូវការគាំទ្រ និងសហការជាមួយ គ.ជ.ប ចាត់ចែងអនុវត្តកិច្ចការនានា ស្របតាមច្បាប់តម្រូវ ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព មានលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងសុន្ទរកថាក្នុងឱកាសបិទសន្និបាតនោះថា ជាការឆ្លើយតបទៅនឹងប្រធានបទដែលបានពិភាក្សារួចមក អង្គសន្និបាតបានលើកឡើងនូវសំណូមពរ និងកំណត់ទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ ដោយផ្តោតលើបញ្ហាសំខាន់ៗ ចំនួន២១ ចំណុច ក្នុងនោះ ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខ សណ្តាប់ធ្នាប់សារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងពង្រឹងការអនុវត្តគោលយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានភាពកក់ក្តៅ និងផ្តល់ទំនុក ចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ វិនិយោគិន ធុរជន ដៃគូអភិវឌ្ឍន៍ សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យ។ ផ្តល់កិច្ចគាំទ្រ និងសហការជាមួយ គ.ជ.ប ក្នុងការអនុវត្តកិច្ចការនានា ស្របតាមច្បាប់តម្រូវ រួមនឹងធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមបឹ្រក្សាឃុំ សង្កាត់ អាណតិ្តទី៥ ដែលនឹងប្រព្រឹត្តនៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកបណ្ឌិតអភិបាលខេត្ត បានអំពាវនាវបន្តផ្សព្វផ្សាយវិធានការសុខាភិបាល ក្នុងការចូលរូមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញបងប្អូនប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានគ្រប់ដូស គ្រប់ៗគ្នា។យកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព សំដៅលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រឱ្យបានអត្រាទាបផងដែរ៕