(កោះកុង)៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានអុនសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក និងនាំថវិការួមទាំងសម្ភារមួយចំនួន ជូនដល់ស្រ្តីដែលសម្រាលកូន នៅលើទូក នៅពីថ្ងៃទី២ខែឧសភាម្សិលមិញ ហើយមានក្រុមលោកគ្រូពេទ្យបង្អែកខេត្ត ជួយទាន់ពេលវេលា។

ស្រ្តីសម្រាលកូនលើទូកមានឈ្មោះ ខេង ដា ប្តីឈ្មោះ ដា ទារកដែលសម្រាលលើទូកកជាកូនប្រុស។

សម្ភារៈត្រូវផ្តល់ជូនស្រ្តីសម្រាលកូន លើទូកមានគ្រឿងបរិភោគ ប្រដាប់សម្រាប់ទារក ថិកាចំនួន១០ម៉ឺនរៀល លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០០ដុល្លារ និងសប្បុរសជនចំនួន២ម៉ឺនរៀល សរុបចំនួន៥២ម៉ឺនរៀល។

លោក ហាក់ឡេង បានបញ្ជាក់ថា អំណោយទាំងនេះវាតិចតួចមែន តែវាអាចដោះស្រាយជូនបងប្អូនបានមួយគ្រា ក្នុងការដោះស្រាយជីវភាពក្នុងគ្រួសារ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ឲ្យដឹងនៅព្រឹកនេះថា មន្ទីរពេទ្យមិនទទួលថ្លៃសេវា ពីស្រ្តីនេះទេ ហើយស្រ្តីខាងលើគ្រូពេទ្យព្យាបាលឲ្យគាត់ រហូតមានសុខភាពល្អ ទើបឲ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ព្រោះគាត់មានទីលំនៅឆ្ងាយពីទីរួមខេត្ត ពិបាកក្នុងការធ្វើដំណើរ ដូច្នេះគាត់ត្រូវសម្រាកឲ្យបានច្រើនថ្ងៃ៕