(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ រយៈពេល២ថ្ងៃ។

សន្និបាតនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក ឃួង ស្រេង បានអានសុន្ទរកថាបើកសន្និបាត។ បន្ទាប់មកលោក ឡុង សយខុម នាយករដ្ឋបាលស្តីទី សាលារាជធានីភ្នំពេញ ឡើងអានរបាយការណ៍សង្ខេបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

សន្និបាតនេះបានណែនាំ និងបែងចែកក្រុមពិភាក្សា ដោយ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដោយត្រូវពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះរួមមាន៖

ទី១៖ «ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ
ទី២៖ «ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្រិតថ្នាក់រាជធានីថ្នាក់ខណ្ឌ និងសង្កាត់» ដឹកនាំដោយ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ
ទី៣៖ «វឌ្ឍភាពការងារគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ» ដឹកនាំដោយលោក ហួត ហៃ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ
ទី៤៖ «បទពិសោធន៍លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី» ដឹកនាំដោយ លោក នួន ផារ័ត្ន និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដឹកនាំ និងសម្របសម្រួលដល់ក្រុមទី១ និងទី២ ឡើងធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សា (ក្រុមទី១ឡើងរាយការណ៍ ដោយលោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឫស្សីកែវ និងក្រុមទី២ លោកស្រី មួក យុវល័ក្ខ ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ)។

លោក នួន ផារ័ត្ន ដឹកនាំ និងសម្របសម្រួលដល់ក្រុមទី៣ និងទី៤ ឡើងធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សា (ក្រុមទី៣ឡើងរាយការណ៍ ដោយលោក នួន សំណាវុធ នាយកទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន និងក្រុមទី៤ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ)។

មតិបូកសរុបរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លើលទ្ធផលនៃការពិភាក្សា។

ដោយឡែកនៅព្រឹកថ្ងៃទី០៣ ខែមីនា លោក ឃួង ស្រេង នឹងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលនៃអង្គសន្និបាត។

ហើយនៅថ្ងៃទី០៣ មីនា សម្ដេចក្រឡាហោម ស ខេង មានមតិ សំណេះសំណាល និងផ្តល់អនុសាសន៍ដឹកនាំជូនរដ្ឋបាលរាជធានីភ្នំពេញ និងចុងក្រោយពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ បិទកម្មវិធី៕