(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ដែលនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែមីនា ស្អែកនេះ។

ក្នុងដំណើរចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធផ្លូវជាតិលេខ៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់បទសម្ភាសន៍ដល់ Fresh News ផងដែរ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានស្តារម្តងរួចមកហើយនៅឆ្នាំ២០០៨-២០១១។ ប៉ុន្តែដោយសង្កេតឃើញថា កំណើនចរាចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យធ្វើការពង្រីកកំណាត់ផ្លូវនេះចាប់ពីចោមចៅ ដល់បែកគូស ប្រវែងជិត ៧០គីឡូម៉ែត្រ ជា ៤គន្លង និងកំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត ៦៥គីម៉ែត្រ ជា២គន្លង ដោយក្រាលបេតុងកៅស៊ូAC ឡើងវិញ។

កំណាត់ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ, ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ, ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ បានសាងសង់ស្ពានថ្មី ចំនួន ១១កន្លែង ប្រវែងសរុប ៤៤៣ម៉ែត្រ ទទឹង ១២ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែង ប្រវែងសរុប ៣០ម៉ែត្រ។

កំណាត់ផ្លូវនេះ បានសាងសង់លូជ្រុងចំនួន ៣៤កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ២៧១កន្លែង និងការងារបំពាក់បរិក្ខារផ្លូវថ្នល់ រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ព្រមទាំងមាន បំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន ១០កន្លែង និងសាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួន ២កន្លែង ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កំណាត់ផ្លុវជាតិលេខ៣ភ្នំពេញ-កំពតនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោកទេសដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជាឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈកំណាត់ផ្លូវជាតិលេខ៣(កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់់យ៉ាងដូច្នេះ «កំណាត់ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសការធ្វើដំណើរកម្សាន្តទៅកាន់ ខេត្តកំពតនិងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ សម្បូរដោយធនធាន ទេសភាព ធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ កំណាត់ខ្សែផ្លូវនេះ មានភាពរឹងមាំ ធំទូលាយ ដែលសម្រួលដល់ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងបញ្ចៀស បានការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ»។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។

ជាមួយនឹងការដាក់សម្ពោធសមិទ្ធផលដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវនេះត្រូវបានសាងសង់ត្រឹមត្រូវតាមបច្ចេកទេសដែលបានសន្យា។ បើមិនមានការដឹកជញ្ជូនលើសទម្ងន់កំណត់ទេនោះ ផ្លូវនេះអាចប្រើប្រាស់បានរយៈពេលជាង១០ឆ្នាំ។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវបើកលើសទម្ងន់កំណត់ដោយច្បាប់។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា រថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត១ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវ។ បើរថយន្តមួយគ្រឿងដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវ។

លោកទេសរដ្ឋមន្ត្រី បានប្រកាសពីវិធានការដ៏ម៉ឺងម៉ាត់ថា សម្រាប់រថយន្តដឹកលើសទម្ងន់កំណត់ដោយច្បាប់ចាប់ពី ២០ភាគរយឡើង ក្រៅតែពិន័យជាប្រាក់ ៣០ម៉ឺនរៀលក្នុងមួយតោនហើយនោះ រថយន្តក៏ត្រូវឃាត់ទុករយៈពេលមួយឆ្នាំផងដែរ។ លោករដ្ឋមន្ត្រី បានអះអាងថា រថយន្តដែលឃាត់ទុកនឹងគ្មានការអនុគ្រោះដោះលែងមុនកាលកំណត់ទៀតនោះឡើយ។

ក្នុងឱកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣នេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែទាំងផ្លូវ ជាពិសេសនៅតាមផ្សារមិនត្រូវចោលសំរាម ចាក់ទឹកលើផ្លូវ មិនត្រូវយកចិញ្ចើមផ្លូវធ្វើកន្លែងលក់ដូរជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបញ្ច្រាស់ផ្លូវ បើកបរតាមល្បឿនកំណត់ ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ។ លោកក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តដឹកទំនិញ ត្រូវបើកលើគន្លងផ្លូវយឺត មិនត្រូវបើកលើគន្លងផ្លូវលឿននោះឡើយ៕