(បាត់ដំបង)៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ភូមិភាគបាត់ដំបង (BPRC) ទទួលបានឧបករណ៍ស្តារលទ្ធភាពពលកម្ម ដែលជាការផ្តល់ជូនដោយមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)។ ជំនួយនេះត្រូវបានផ្តល់ជូនតាមរយៈ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។

ពិធីប្រគល់នេះ បានប្រព្រឹត្តិទៅនៅខេត្តបាត់ដំបង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ជី យៀក្យុង (Ms. Ji Yea Kyung) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា, លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជា អនុប្រធានទី១អាជ្ញាធរមីន និង លោកស្រី Alissar CHAKER តំណាងនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជាលោក Ryan Tierney លេខាទី១ និងកុងស៊ុល ស្ថានទូតអូស្ត្រាលី និង លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ (PWDF)។

ការផ្តល់ឧបករណ៍ឧបករណ៍ស្តារលទ្ធភាពពលកម្ម ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង (BPRC) នឹងធ្វើឲ្យការផ្តល់សេវាប្រសើរឡើងប្រកបដោយប្រសិទ្ឋភាព និងប្រសិទ្ឋផលដល់ជនរងគ្រោះ និងជនមានពិការភាពដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមទាំងអស់ក្នុងខេត្តចំនួនបីគឺ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដោយពង្រឹងសមត្ថភាពដល់គ្រូពេទ្យព្យាបាលដោយចលនានាពេលបច្ចុប្បន្ន និងអ្នកជំនាញផលិតឧបករណ៍ជំនួយសិប្បនិម្មិត និងផ្នែកកែសម្ផស្ស។

ការផ្តល់ឧបករណ៍ស្តារលទ្ធភាពពលកម្ម ក៏រួមចំណែកផងដែរ ដល់ការបង្កើនការព្យាបាលដោយប្រើកញ្ចក់ទៅដល់សហគមន៍ និងសកម្មភាពផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ភូមិភាគបាត់ដំបង (BPRC) និងពង្រឹងការផ្សារភ្ជាប់រវាងការបោសសំអាតផ្ទៃដីដែលមានគ្រាប់មីន ការស្តារនីតិសម្បទា និងការអភិវឌ្ឍន៍ភូមិ និងសហគមន៍។ ការបង្កើនការគាំទ្រ និងជំនួយដល់ជនរងគ្រោះដោយសារគ្រាប់មីន គឺជាគន្លឹះឆ្ពោះទៅរក កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តចំពោះអនុសញ្ញាស្តីពីសិទ្ធិជនពិការភាព និងមិនទុកនរណាម្នាក់ចោល។

សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានផ្តល់ថវិកាចំនួន ១០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនរបស់កម្ពុជា តាមរយៈ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស» ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ មូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីបង្កើនសកម្មភាពបោសសម្អាតមីន ជំរុញជំនួយជនរងគ្រោះ និងការអប់រំអំពីហានិភ័យមីន ការកសាងសមត្ថភាពរបស់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន(CMAA) ការបញ្ជ្រាបយេនឌ័រក្នុងវិស័យមីនជាដើម។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) អូស្ត្រាលី នូវែលសេឡង់ និងសហគមន៍ម្ចាស់ជំនួយបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥៕