(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោកស្រី ជី យៀក្យុង អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា, លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១អាជ្ញាធរមីន, លោកស្រី Alissar CHAKER តំណាងនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងលោក Ryan Tierney លេខាទី១ និងកុងស៊ុលស្ថានទូតអូស្ត្រាលី បានទៅមើលផ្ទៃដីបោសសម្អាតរួចចំនួន០២កន្លែង។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់ពីការរួមចំណែកនៃការបោសសម្អាតមីន ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់សហគមន៍ដែលរស់នៅតំបន់រងគ្រោះដោយសារមីន និងចុះពិនិត្យប្រតិបត្តិការបោសសម្អាត ដើម្បីជួយសម្រួលដល់តំណាងម្ចាស់ជំនួយក្នុងការសង្កេតមើលសកម្មភាពផ្ទៃដីបោសសម្អាតរួច(បោសសម្អាតមីន) ដែលទទួលបានមូលនិធិពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស”។

គណៈប្រតិភូបានចុះទៅពិនិត្យការដ្ឋានបោសសម្អាតមីនចំនួនពីរ និងជួបជាមួយអ្នកអាស្រ័យផលនៅឃុំស្វាយចេកស្រុកស្វាយចេក និងឃុំខ្វាវ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យមានចំនួន ០២កន្លែង រួមមានទី១៖ លេខ LR/22478 មានផ្ទៃដី ៥៤,៥០៣ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិខ្វាវលើ ឃុំស្វាយចេក ស្រុកស្វាយចេក មានអ្នកទទួលផលចំនួន ២គ្រួសារ សរុបចំនួន ៩នាក់ និងទី២៖ លេខ LR/23132 មានផ្ទៃដី ២១,០៥០ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិសុភីជើង ឃុំសុភី ស្រុកអូរជ្រៅ មានអ្នកទទួលផល៣គ្រួសារ សរុបចំនួន ១៣នាក់ ដែលផ្ទៃដីទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋយកទៅប្រើប្រាស់សម្រាប់ការធ្វើស្រែ និងដាំដំឡូងមី។

អ្នកស្រី ស៊ូ សិ ជាកសិករនៅភូមិខ្វាវលើ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា «នៅពេលទីតាំងនេះមិនទាន់បានបោសសម្អាតដោយសារតម្រូវការចាំបាច់ និងខ្វះដីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃបានសម្រេចឈួសឆាយដីនេះទាំងប្រថុយប្រថាន។ ប៉ុន្តែបន្ទាប់ពីគ្រាប់មីនត្រូវបានសម្អាតចេញ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំលែងព្រួយបារម្ភពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនទៀតហើយ»