(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺរាតត្បាតនានា ពិសេសជំងឺកូវីដ-១៩ប្រភេទបម្លែងថ្មី អូរមីក្រុង។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ត្រូវជំរុញឲ្យប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឲ្យបានគ្រប់គ្នា។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ ជាមួយនឹងអាជ្ញាធរខណ្ឌ១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានលើកឡើងថា ការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការនីរោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង។ ករណីនេះ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរខណ្ឌដែលមានរោងចក្រ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករកម្មការិនីនៅតាមរោងចក្រ។

ក្រុមការងារត្រូវធ្វើទំនាក់ទំនង ជាមួយម្ចាស់រោងចក្រសហគ្រាសនានា ដើម្បីទទួលនូវព័ត៌មានថា កម្មករប៉ុន្មាននាក់ ដែលមិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺយើងទៅចាក់វ៉ាក់សាំងដូសជម្រុញនេះ ដល់រោចក្រតែម្តង។

បន្ថែមពីលើនេះ លោក ឃួង ស្រេង ក៏បានណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ធ្វើយ៉ាងណា ជំរុញប្រជាពលរដ្ឋអោយទៅចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងនៅតាមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់តែម្តង។

លោកបន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុ៣ឆ្នាំ ទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដូសមូលដ្ឋានអោយបានគ្រប់គ្នា ដោយលោកបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ កុម្ភៈ រហូតមកដល់ថ្ងៃទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កុមារអាយុ៣ឆ្នាំទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជម្រុញអោយអាណាព្យាបាល នាំកុមារអាយុ៣ឆ្នាំទៅ ៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងជូនកុមារឲ្យបានគ្រប់គ្នា។

បន្ថែមពីលើនេះ លោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញ និងណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើការផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះ ឲ្យបានហ្មត់ចត់។

ក្រៅពីវិធានការដូចជាបង្ការទប់ស្កាត់ជំងឺកូវី-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេងក៏បានការណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងឡើងវិញ នូវកិច្ចការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរផងដែរ៕