(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩ ដែលកំពុងតែសម្រាកព្យាបាលជំងឺ និងធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទទួលបានថ្នាំព្យាបាល និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាក់ស្តែងនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ លោកឧកញ៉ា ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី រាជ ផាវឿន ចៅសង្កាត់ និងមន្ត្រីក្រោមឱវាទខណ្ឌ-សង្កាត់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

លោក ឡេង ប៊ុនតេង និងលោក ឯក ឃុនដឿន បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋឱ្យថែទាំសុខភាពឱ្យបានល្អប្រសើរ និងសូមជូនពរឆាប់ជាសៈស្បើយពីជម្ងឺផងដែរ ដោយព្យាយាមបន្តអនុវត្តជាប់ជានិច្ចនូវការរក្សាអនាម័យ ដើម្បីចូលរួមកាត់បន្ថយការចម្លងជំងឺកូវីដ១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ក្នុងការឈានទៅកាត់ផ្ដាច់ការចម្លងជំងឺរាលដាលជាលក្ខណៈទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕