(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ទ្រង់អនុញ្ញាតឱ្យ លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ចូលគាល់សម្តែងការគួរសម និងនាំលិខិតអបអរសាទររបស់គណបក្សកុម្មុយនិស្តចិន ថ្វាយព្រះអង្គម្ចាស់ ក្នុងឱកាសដែលព្រះអង្គ ត្រូវបានអង្គសមាជវិសាមញ្ញសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងជំនួបដ៏មានសារសំខាន់រវាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា គឺបានជជែកអំពីទំនាក់ទំនងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច។

ក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងអំណរគុណដល់ប្រទេសចិន ដែលតែងតែយកចិត្តទុកដាក់ផ្តល់ជំនួយជាច្រើនមកដល់កម្ពុជា ទាំងសេដ្ឋកិច្ច គាំពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងវិស័យសុខាភិបាល ...ជាដើម។ គណបក្សកុម្មុយនិស្តចិន ក៏តែងតែផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាលយុវជន មកដល់គណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ។

បើតាមលោក ញឿន រ៉ាដែន, ព្រះអង្គក៏បានមានព្រះបន្ទូល បន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាប្រពៃណីជាមួយមហាមិត្តចិន និងគាំទ្រគោលជំហរនយោបាយចិន ជានិច្ច។

លោក Wu CHUANBIN ក៏បានចូលរួមរំលែកទុក្ខជាមួយព្រះញាតិវង្ស ព្រះបុត្រាបុត្រី នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ លោក Wu បានរំលឹកនូវអនុស្សាវរីយ៍ជាមួយព្រះអង្គ ហើយប្រទេសចិន បានចាត់ទុកសម្តេចក្រុមព្រះ ជាមិត្តល្អ។

ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្តេជ្ញាបន្តថែរក្សាកេរដំណែល ជាស្ថាព្រហស្ថ សម្តេចឪ សម្តេចតា ព្រះបរមរតនកោដ្ឋ គឺ FUNCINPEC គង់វង្សជាអមតៈ។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានអង្គសមាជគណបក្សហ៊្វុនស៊ិនប៉ិច បោះឆ្នោតសម្រេចជ្រើសតាំងឱ្យធ្វើជាប្រធានគណបក្ស កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២៕