(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណងចំនួន ៥២៧,១២២ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាននៅក្នុងខេត្តកណ្តាល និងខេត្តក្រចេះ និងប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តបន្ទាយមានជ័យ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាព លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងទទួលជំនួយទាំងបី នៅស្ថានទូតជប៉ុន នាថ្ងៃរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

*ទី១៖ គម្រោងសាងសង់ស្ពានបេតុង ក្នុងស្រុកកោះធំ ខេត្តកណ្តាល (ថវិកាចំនួន ១២៣,៨៣៥ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ រដ្ឋបាលឃុំលើកដែក

ក្នុងគម្រោងនេះ ស្ពានឈើដែលមានអាយុកាល៧០ឆ្នាំមួយកន្លែង នឹងត្រូវបានជំនួសដោយស្ថានបេតុងថ្មីមួយ។ ដោយសារភូមិនានាត្រូវបានបែងចែកដោយទន្លេ ប្រជាជនក្នុងភូមិ រួមទាំងកុមារនៅក្នុងវ័យសិក្សា និងស្ត្រីមានផ្ទៃពោះ គ្មានជម្រើសផ្សេងក្រៅពីធ្វើដំណើរឆ្លងកាត់ស្ពានចាស់នេះ ដើម្បីទៅសាលារៀន និងមណ្ឌលសុខភាព កសិករ និងអ្នកនេសាទប្រឈមនឹងការលំបាកក្នុងការនាំយកផលិតផលរបស់ពួកគេទាំងនៅស្រស់ៗទៅលក់នៅផ្សារក្នុងស្រុក ដោយសារត្រូវប្រើពេលវេលាដឹកជញ្ជូនយូរ។ មិនតែប៉ុណ្ណោះ ដោយសារ ហានិភ័យនៃការបាក់រលំស្ពាន រថយន្តពន្លត់អគ្គិភ័យមិនអាចឆ្លងកាត់ស្ពាននេះបានទេ។ រំពឹងថាគម្រោងនេះនឹងកែលម្អស្ថានភាពទាំងអស់នេះ ហើយប្រជាជនជាង ៧,០០០នាក់ នៅក្នុងតំបន់នេះនឹងអាចធានាបាននូវសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។

*ទី២៖ គម្រោងសាងសង់ស្ពានក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ (ថវិកាចំនួន ១៣៦,៧៩១ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ។

ក្នុងគម្រោងនេះ ថវិកាជំនួយនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឡើងវិញ នូវស្ពានមួយដែលទម្រក្បាលស្ពានទាំងសង្ខាងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកភ្លៀង និងកណ្តៀរ។ ប្រសិនបើស្ពាននេះដួលរលំវានឹងរារាំងដល់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោង។

ជាងនេះទៅទៀត ស្ពាន បច្ចុប្បន្នលិចទឹកប្រហែល៥ដង ក្នុងមួយឆ្នាំ ហើយមានការពិបាកក្នុងការឆ្លងកាត់ស្ពាននេះ រហូតដល់ទឹកស្រុកវិញ ដែលធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រមទាំងសកម្មភាពប្រចាំថ្ងៃដូចជាការទៅសាលារៀន និងមន្ទីរពេទ្យជាដើម។ ដោយរំពឹងថាគម្រោងនេះនឹងកែលម្អស្ថានភាពទាំងអស់នេះ ហើយប្រជាជនជាង ៣,០០០នាក់ នឹងមានលទ្ធភាពប្រើប្រាស់បរិក្ខារសាធារណៈបានពេញមួយឆ្នាំ។

*ទី៣៖ គម្រោងស្ដារប្រព័ន្ធធារាសាស្ត្រទានកាំ ក្នុងខេត្តបន្ទាយមានជ័យ (ថវិកាចំនួន ២៦៦,៤៩៦ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ

ក្នុងគម្រោងនេះ ថវិកាជំនួយនឹងត្រូវបានប្រើប្រាស់ដើម្បីស្ដារទំនប់ទឹក និងសាងសង់ទ្វារទឹកចំនួន០៣កន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះ ត្រូវបានសាងសង់ក្នុងនៅទសវត្សរ៍ឆ្នាំ១៩៧០ ហើយត្រូវបានជួសជុលឡើងវិញដោយស្ថាប័នទទួលជំនួយនៅក្នុងឆ្នាំ២០០៦។

ទោះយ៉ាងណាទំនប់ទឹកមួយផ្នែកបានបាក់ដោយសារទឹកជំនន់ កាលពីខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ ការស្រោចស្រពមិនអាចប្រព្រឹត្តទៅបានទេក្នុងរដូវប្រាំងលុះត្រាតែមានការបង្ហូរទឹកចេញពីអាងស្តុកទឹកនៅផ្នែកខាងលើនៃទំនប់អាងទានកាំ។ លើសពីនេះប្រព័ន្ធធារាសាស្ត្រនេះ មិនអាចស្តុកទឹកភ្លៀងបានគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងទេ។ ដោយរំពឹងថា គម្រោងនេះនឹងកែលម្អស្ថានភាពទាំងអស់នេះ ហើយប្រជាជនជាង៤៤,០០០នាក់ នៅក្នុងតំបន់គម្រោងនឹងទទួលបានអត្ថប្រយោជន៍ពីអាងស្តុកទឹកដែលត្រូវបានស្ដារឡើងវិញនេះ។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានថ្លែងថា សង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយលោកក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនក្នុងការលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន។

រដ្ឋាភិបាលជប៉ុនបានផ្តល់កម្ចីហិរញ្ញប្បទានយេន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការកែលម្អផ្លូវជាតិលេខ៥ ក៏ដូចជាសម្រាប់ការគាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ១៩ ជាមួយនឹងទឹកប្រាក់បន្ថែមចំនួន ២០ពាន់លានយេន។

ឯកអគ្គរាជទូតរូបនេះ បានបញ្ជាក់ថា ការគាំទ្រទ្រង់ទ្រាយធំបែបនេះ ទំនោរ ជាទទួលបានការចាប់អារម្មណ៍ច្រើនពីប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែទោះយ៉ាងណា រដ្ឋាភិបាលជប៉ុនចាត់ ទុកថា វាមានសារៈសំខាន់ស្នើគ្នា ក្នុងការផ្តល់ការគាំទ្រនៅតាមតំបន់ជនបទ និងធ្វើការជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់តាមរយៈជំនួយឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន និងជំនួយឥតសំណងគូសាណូណិ។

គួរជម្រាថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។

ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេក៏ដូចជា៖ ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ក្នុងរយៈពេល៣០ឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦៥លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៦៦៨គម្រោងនៅទូទាំងប្រទេសកម្ពុជា៕