(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំខេត្ត ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ទាំង៤៩ និងមន្ត្រីរាជការសាលាខេត្ត ជិត៣០០នាក់។

នៅក្នុងអង្គសន្និបាតនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានជ្រើសរើសយកប្រធានបទ ចំនួន០៦ និងបានបែងចែកក្រុមពិភាក្សា ចំនួន០៦ក្រុម ក្នុងគោលដៅពិភាក្សា៖

១-ក្របខណ្ឌច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផល និងបទពិសោធន៍បញ្ហាប្រឈម ដំណោះស្រាយ និងសំណូម។
២-សកម្មភាព នៃការអនុវត្តការងារកន្លងមក ដោយប្រៀមធៀបការអនុវត្តជាមួយនឹងក្របខណ្ឌច្បាប់ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផល និងបទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ។
៣-បង្ហាញឱ្យឃើញពីភាពខ្លាំង និងភាពខ្សោយ នៃការប្រើប្រាស់គ្រប់ធនធានទាំងអស់ រួមទាំងការគាំទ្រពីដៃគូរសហការ និងអ្នកពាក់ព័ន្ធ ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋ។
៤-ក្រុមពិភាក្សាត្រូវផ្តោតលើសមិទ្ធផល លេចធ្លោ បទពិសោធន៍ បញ្ហាប្រឈម (មូលហេតុនៃបញ្ហាប្រឈមនោះ) និងគំនិតផ្តួចផ្តើមដោះស្រាយបញ្ហាប្រឈមទាំងនោះ រួមទាំងសំណូមពរ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់៕