(កោះកុង)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដាក់សម្ភោធអគារសង្រ្គោះបន្ទាន់ អគារបោកគក់សម្លាប់មេរោគ រួមទាំងសម្ភារបរិក្ខាពេទ្យដែលជាអំណោយដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិថៃ (TlCA) ប្រទេសថៃ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង និងលោកស្រី ឧរើនរ៉ាត់ ចៈរើនតូ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រត្តិបត្តិការអន្តរជាតិ ក្រសួងការបរទេសថៃ ព្រមទាំងមានការចូលរួម ពីលោកវេជ្ជបណ្ឌិត ហៃឡៃ សិន ប្រធានមន្ទីរបង្អែកខេត្តកោះកុង, លោកវេជ្ជបណ្ឌិត ប៉ាន់ឆា សាប់ប៉ះសូ ប្រធានមន្ទីរសុខាភិបាលខេត្តត្រាត រួមទាំងមន្ត្រីជាច្រើនរូបទៀត។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា តាំងនាមឲ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកោះកុង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទីភ្នាក់ងារប្រតិបត្តិការជាតិ នៃព្រះរាជាណាចក្រថៃ កាកបាទក្រហម មន្ទីរសុខាភិបាលខេត្តត្រាត មន្ទីរពេទេព្យខ្លងយ៉ៃ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃប្រទេសថៃ ចំពោះសហប្រតិបតិ្តការបានយ៉ាងល្អប្រកបដោយគុណតម្លៃខ្ពស់ លើវិស័យសុខាភិបាលដោយបាន ជួយឧបត្ថម្ភសម្ភារបរិក្ខាពេទ្យ ការបណ្តុះបណ្តាលធនធានមនុស្ស ការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ការពង្រឹងប្រព័ន្ធអ្នកជំងឺជាដើម ជាពិសេសអាជ្ញាធរប្រទេសថៃ បានផ្តល់នៅអគារសង្រ្គោះបន្ទាន់ អគារបោកគក់ និងសម្លាប់មេរោគរួម ទាំងសម្ភារបរិក្ខាពេទ្យជាច្រើនទៀត ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងតម្លាភាពដោយអនុលោមតាមកិច្ចសហប្រតិបត្តិការលើកផ្នែកវោស័យសុខាភិបាលរវាងខេត្តកោះកុង និងខេត្តត្រាត ដែលចាប់ផ្តើមជាយូរមកហើយរហូតដល់មានចុះអនុសារណៈ MOU(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១៩) រវាងក្រសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាលថៃ។

លោកវេជ្ជបណ្ឌិត ហៃឡៃ សុន បានថ្លែងបន្តថា អគារសង្គ្រោះ អគារបោកគក់ និងសម្លាប់មេរោគ មានទំហំ ១៨,៦ គុណ ២៦,២ម៉ែត្រ មានបន្ទប់ចំនួន៧ (បន្ទប់សម្រាប់អ្នកជំងឺចំនួន៤ បន្ទប់លោកគ្រូពេទ្យចំនួន៣) និងមានបំពាក់ ឧបករណ៍ តាមដានមានបរិក្ខាពេទ្យមួយចំនួនជា៖

*គ្រែអ្នកជំងឺចំនួន១៤
*ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន២គ្រឿង
*ម៉ាស៊ីនថតករស្មីអិចំនួន១គ្រឿង
*ម៉ាស៊ីនថតចង្វាក់បេះដូង (EKG) ចំនួន១គ្រឿង
*ម៉ាស៊ីនឆក់បេះដូង ចំនួន១គ្រឿង
*ម៉ាស៊ីនតាមដានដំណលសេរ៉ូម ចំនួន៦គ្រឿង
*រទេះរុញអ្នកជំងឺសង្គ្រោះបន្ទាន់
*សម្ភារឧបករណ៍បរិក្ខាពេទ្យមួយចំនួនទៀតផង តម្លៃទឹកប្រាក់៦,៤៦០,០០០បាត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អំណោយសប្បុរសធម៌របស់ប្រទេសថៃទាំងនេះ ជាការជួយសង្គ្រោះជីវិតមនុស្ស ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ គឺក្រុមគ្រូពេទ្យជួយសង្រ្គោះអាយុជីវិតបងប្អូន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈក្នុងនាមជាក្រុមគ្រូពេទ្យជានិច្ច។

លោកស្រី ឧរីរ៉ាត់ ចៈរើនតូ បានថ្លែងឲ្យដឹងថា លោកស្រីមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងដំណើរការសាងសង់ និងជួសជុលឡើងវិញចំពោះអគារទាំងនេះ ដើម្បីត្រៀមជាស្រេចក្នុងបើកឲ្យដំណើរការជូនដល់ប្រជាពលរដ្ឋ ដែលនេះជាគម្រោងក្រោមកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ លើវិស័យសុខាភិបាលរវាងថៃ-កម្ពុជា និយាយជារួម និងនិយាយដោយឡែកគឺរវាងខេត្តត្រាត និងខេត្តកោះកុង។

លោកស្រីថា «នៅពេលនេះអគារ២ខ្នង បានត្រៀមរួចជាស្រេចក្នុងបើកដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋខេត្តកោះកុង រួមទាំងប្រជាពលរដ្ឋរស់ក្បែរគ្នា ហើយអគារសង្រ្គោះបន្ទាន់នេះ នឹងជាផ្នែកមួយដែលធ្វើឲ្យប្រព័ន្ធដឹកជញ្ជូន រវាងភាគីថៃ និងកម្ពុជា មានភាពប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធបញ្ជូនឲ្យមានប្រសិទ្ធិភាពខ្ពស់រវាងខេត្តជាដៃគូរ»

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានលើកឡើងថា ទោះបីក្នុងបរិបទកូវីដ១៩ តែចំណងសាមគ្គីភាពរវាងប្រទេសជិតខាងយើងនៅតែបន្តភាពស្ថិតស្នាលជាមួយគ្នា ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស ព្រោះនេះកាតព្វកិច្ចរបស់ក្រុមលោកគ្រូពេទ្យ ត្រូវចេះផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការបង្កើនធនធានមនុស្សលើកវិស័យសុខាភិបាល៕