(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះពិនិត្យមើលការប្រើប្រាស់ផ្ទៃដីចម្ការមីនបោសម្អាតរួច និងជួបសំណេះសំណាល ជាមួយអ្នកទទួលផលនៅខេត្តបន្ទាយមានជ័យ។

ក្នុងនោះ ក៏មានការរួមដំណើររួមមាន លោកស្រី Allissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា, លោក Ryan Tierney លេខាទូតទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Yeakyung Ji នាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA។

ផ្ទៃដីបោសសម្អាតរួច ត្រូវចុះពិនិត្យមានចំនួន ០២កន្លែង រួមមានទី១៖ លេខ LR/22478 មានផ្ទៃដី ៥៤,៥០៣ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិខ្វាវលើ ឃុំស្វាយចេក ស្រុកស្វាយចេក មានអ្នកទទួលផលចំនួន ២គ្រួសារ សរុបចំនួន ៩នាក់ និងទី២៖ លេខ LR/23132 មានផ្ទៃដី ២១,០៥០ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិសុភីជើង ឃុំសុភី ស្រុកអូរជ្រៅ មានអ្នកទទួលផល៣គ្រួសារ សរុបចំនួន ១៣នាក់ ដែលផ្ទៃដីទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋយកទៅប្រើប្រាស់សម្រាប់ការធ្វើស្រែ និងដាំដំឡូងមី។

លោក ប៊ឹង ស្រួច សមាជិកក្រុមប្រឹក្សាឃុំស្វាយចេក បានថ្លែងថា ទីតាំងបោសសម្អាតនេះ គឺជាទឹកដីអតីតសមរភូមិក្តៅ សំបូរទៅដោយគ្រាប់មីន ប៉ុន្តែដោយសារតម្រូវការចាំបាច់ និងខ្វះដីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ប្រជាពលរដ្ឋដែលជាម្ចាស់ដី បានសម្រេចឈួសឆាយដីនេះទាំងប្រថុយប្រថាន ព្រមទាំងបានរកឃើញគ្រាប់មីនជាច្រើន ហើយត្រូវផ្អាកវិញ រង់ចាំកម្លាំងបោសសម្អាត រហូតដល់មានការបោសសម្អាតត្រឹមត្រូវ ក្រោមគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលនេះ។

លោកបន្តទៀត ទីតាំងបោសសម្អាតមីននេះ មិនបង្កឲ្យប្រជាពលរដ្ឋគ្រោះថ្នាក់ឡើយ ដោយសារពួកគាត់បានយល់ដឹងច្បាស់ អំពីស្ថានភាពទីតាំងនេះ និងបានទទួលការយល់ដឹងបន្ថែមអំពីការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីប្រតិបត្តិករបោសសម្អាតមីនរបស់យើង។

ប្រជាពលរដ្ឋជាអ្នកទទួលផល ពិតជាមានសេចក្តីសប្បាយរីករាយ ដែលបានជួបផ្ទាល់ជាមួយម្ចាស់ជំនួយ ក្នុងការជួយផ្តល់សុខសុវត្ថិភាព លើដីរបស់គាត់ ដែលអាចឲ្យគាត់អាចបង្កបង្កើនផល ដោយគ្មានការភ័យខ្លាច និងមានចំណូលកើនឡើង សម្រាប់គ្រួសាររបស់គាត់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រើប្រាស់ផ្ទៃដីបោសសម្អាតរួច ឲ្យបានច្រើន និងគ្រប់ៗគ្នា ដោយមិនត្រូវទុកដីឲ្យនៅទំនេរចោលឡើយ ដើម្បីការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពគ្រួសារ និងស្របតាមបំណងប្រាថ្នាប្រកបដោយទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ។

លោកបានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចូលទៅក្នុងតំបន់ណា ដែលមិនទាន់ធ្វើការបោសសម្អាត និងសង្ស័យថាមានមីន៕