(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយអគ្គស្នងការនគរបាលសហពន្ធ័អូស្រ្តាលីដឹកនាំដោយ លោក Reece Philip Kershaw នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការស្វាគមន៍ចំពោះ អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី ដោយបានចាត់ទុកដំណើរទស្សនកិច្ចនៅពេលនេះ គឺជាដំណើរទស្សនកិច្ចដ៏ពិសេសមួយ ដែលបានចូលរួមប្រជុំជាទ្វេភាគីជាមួយនគរបាលជាតិកម្ពុជាផង និងក្នុងនាមជាដៃគូរបស់អាស៊ានណាប៉ូលផង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រទេសទាំងពីរ ជាពិសេសការអនុវត្ត MOU ដែលភាគីទាំងពីរបានចុះហត្ដលេខានៅពេលកន្លងមក។

ក្រៅពីនោះភាគីអូស្ត្រាលីក៏បានជួយគាំទ្រទាំងឧបករណ៍ និងសម្ភារៈព្រមទាំងជួយដល់ការបណ្តុះបណ្តាល រួមទាំងពង្រឹងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានការិយាល័យនៅក្នុងទីតាំង អគ្គស្នងការដ្ឋាននគរបាលជាតិនេះផ្ទាល់ហើយ ការិយាល័យនេះ ក៏បានក្លាយជាមជ្ឍមណ្ឌលបណ្តុះបណ្តាលកងកម្លាំងនគរបាលកម្ពុជា ពាក់ព័ន្ធនិងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនទៀតផង។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកជាច្រើនរួមមាន៖ សកម្មភាពបទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស ដែលក្នុងខណៈនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានរំលឹកឡើងវិញ ពីជំនួយរបស់ភាគីអូស្រ្តាលី ក្នុងការពង្រឹងនគរបាលសហគមនៅកម្ពុជា ដែលបច្ចុប្បន្ននេះបើទោះបីជានគរបាលអូស្ត្រាលី បានបញ្ចប់គម្រោង និងដកមន្ត្រីជំនាញ ព្រមទាំងថវិកាក្នុងការជួយក្តី ក៏នគរបាលកម្ពុជានៅតែបន្តស្មារតីនេះ ដេីម្បីធានានិរន្តភាពនៃការអនុវត្តគម្រោងនេះ ។ ក្រៅពីនោះកម្ពុជា និងអូស្ត្រាលី ក៏បានសហការគ្នាក្នុងការបង្ក្រាបអង្គការចាត់តាំងម៉ូតូធំ មិនឲ្យកើតមាននៅកម្ពុជា ទៀតផង។

ជាកិច្ច្ចឆ្លេីយតបក្នុងជំនួប លោក Reece Philip Kershaw អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលីបានថ្លែងអំណរគុណចំពោះបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ ដែលបានទទួលរាក់ទាក់ប្រកបដោយភាពស្និទស្នាល ហើយបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តការទ្វេភាគីរបស់នគរបាលប្រទេសទាំងពីរ។

លោក Reece Philip Kershaw បានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តការជាង២០ឆ្នាំ រវាងនគរបាលកម្ពុជា និងអូស្ត្រាលី ដែលបន្សល់ទុកនៅសមិទ្ធិផលជាច្រើន ព្រមទាំងបានធ្វើឲ្យចំណងមិត្តភាពនេះក្លាយទៅជាមិត្តភាពជាប្រពៃណី។

ក្នុងឱកាសនោះ អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការរបស់នគរបាលកម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្ការទប់ស្កាត់ពីចម្ងាយគ្រឿងញៀនទៅអូស្រ្តលី ក៏ដូចជាក្រុមម៉ូតូធំ។ ពាក់ព័ន្ធកិច្ចនេះ លោកបានប្តេជ្ញាស្មាគៀកស្មាជាមួយកម្លាំងនគរបាលជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយបទឧក្រិដ្ឋ ដែលមានអង្គការចាត់តាំងឲ្យបានជោគជ័យ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានឯកភាពចំពោះការប្តេជ្ញាចិត្តរបស់ អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី និងបានលើកសំណូមពរមួយចំនួនដើម្បីឲ្យភាគីអូស្រ្តាលី ធ្វើការពិចារណា ស្នើសុំឲ្យមានការគាំទ្រពាក់ព័ន្ធការផ្លាស់ប្តូរព័តមាននានា ដែលពាក់ព័ន្ធដល់ព្រឹត្តិការណ៍នយោបាល ក៏ដូចជាព្រឹត្តិការណ៍តំបន់ដែលពាក់ព័ន្ធជាមួយកម្ពុជា ដែលឆ្នាំ២០២២-២០២៣នេះ កម្ពុជានឹងមានការបោះឆ្នោតឃុំ សង្កាត់ ការបោះឆ្នោតសភាជាតិ។

ដោយឡែកកម្ពុជា នឹងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាសំខាន់មួយទៀតគឺការប្រកួតកីឡាស៊ីហ្គេម ដែលជាព្រឹត្តការណ៍ទី១ សម្រាប់កម្ពុជា ដែលត្រូវទទួលរ៉ាប់រងជាម្ចាស់ផ្ទះ ជាពិសេសគឺការផ្តល់ជាបទពិសោធន៍មកដល់នគរបាលកម្ពុជា ចំពោះកិច្ចការពារព្រឹត្តការណ៍ទាំងអស់នេះ តាមរយៈការប្រជុំតាមវីដេអូពីចម្ងាយ ឬអាចចាត់បញ្ជូនផ្លាស់ប្តូរគណៈប្រតិភូក្នុងក្របខណ្ឌពាក់ព័ន្ធកិច្ចការពារនេះ។

ក្រៅពីនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានស្នើសុំឲ្យភាគីអូស្រ្តាលី ជួយពង្រឹងធនធានមនុស្សពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ បទល្មើសសេដ្ឋកិច្ច បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យា ដែលចាត់ទុកជាបញ្ហាថ្មីសម្រាប់កម្ពុជា។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងជំនួបក៏បានថ្លែងគាំទ្រខ្ពស់ចំពោះការលើកឡើងរបស់ភាគីអូស្រ្តាលី អំពីលទ្ធផលដ៏ល្អប្រសើរក្នុងការពង្រឹងកិច្ចសហប្រតិបត្តការរយៈពេល២០ឆ្នាំ ជាលក្ខណប្រពៃណីនេះ ហើយបានឯកភាពដើរទៅមុខរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ គ្រប់ទម្រង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាពក្នុងប្រទេសក៏ដូចជាក្នុងតំបន់ផងដែរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបញ្ជាក់អំពីបញ្ហាប្រឈមជាសត្យានុម័តមួយចំនួនពាក់ព័ន្ធដល់និន្នាការគ្រឿងញៀននៅកម្ពុជា រួមទាំងការគ្រប់គ្រងសារធាតុគីមីផ្សំសំរាប់សំយោគកែច្នៃផលិតគ្រឿងញៀនផងដែរ ដែលបញ្ហានេះបានផ្លាស់ប្តូរយោបល់ និងពិសោធន៍ទៅវិញទៅមក និងប្តេជ្ញារួមគ្នាផ្លាស់ប្តូរព័ត៌មាន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តការ ការបណ្តុះបណ្តាល ដើម្បីទប់ស្កាត់នូវបទឧក្រិដ្ឋ ពិសេសទប់ស្កាត់គ្រឿងញៀនឲ្យបានពីចម្ងាយ។

ជាការឆ្លើយតបភាគីអូស្រ្តាលី ពេញចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តការ ដែលជាសំណូមពររបស់ភាគីកម្ពុជា និងសន្យាជួយជ្រោមជ្រែងដល់ភាគីកម្ពុជា ទាំងពិសោធន៍ និងកិច្ចការផ្សេងៗទៀតដែលអាចធ្វើទៅបាន៕