(ពោធិ៍សាត់)៖ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៣រូប នឹងត្រូវធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង ឱ្យចូលមកម្រើការងារ នាវេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ខាងមុខ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលរងខេត្តខាងលើ នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពលោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងនៃគណៈអភិបាលពោធិ៍សាត់ ទាំង០៣រូបនោះ រួមមាន៖

១-ផ្ទេរភារកិច្ច លោក ពៅ ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាម ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ដោយផ្ទេរលោក អ៊ឹង គឹមលាង ពីអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបវិញ។
២-ផ្ទេរភារកិច្ច លោក លឹម សុខតូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ដោយផ្ទេរលោក ខូយ រីដា ពីអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងវិញ។
៣-តែងតាំង លោកស្រី ប៉ុក ណាឌី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ដោយលោកស្រី ម៉ែន ផល្លី ត្រូវចូលនិវត្តន៍៕