(ព្រះសីហនុ)៖ រឿងរ៉ាវមួយបានផ្ទុះឡើង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ពាក់ព័ន្ធករណីជនជាតិចិនម្នាក់ បានអះអាងថា រូបគេត្រូវបានចាប់បង្ខាំងដើម្បីឲ្យធ្វើជាទាសករលក់ឈាម នៅខេត្តព្រះសីហនុ នាំឲ្យមានការព្រួយបារម្ភ និងចែកចាយពេញបណ្ដាញសង្គម Facebook។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានពួតដៃគ្នាសហការស្រាវជ្រាវ និងមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។ ប៉ុន្ដែនៅទីបំផុតទៅ ការពិតត្រូវបានដាតត្រដាង ដោយព័ត៌មានខាងលើនេះ គឺការប្រឌិតឡើងដោយបុគ្គលជនជាតិចិន ចំនួន៤នាក់ប៉ុណ្ណោះ ដើម្បីគេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ បន្ទាប់ពីរូបគេបានចូលមកកម្ពុជាដោយខុសច្បាប់។

បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងបំបែកសំណុំរឿងនេះបានហើយនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលជាខេត្តសាម៉ី និងមានជនជាតិចិនរស់នៅច្រើនទាំងទេសចរណ៍ និងវិនិយោគនោះ បានអះអាងថា ការប្រឌិតករណីឧក្រិដ្ឋកម្ម ទាសករលក់ឈាម បាននាំការឈឺក្បាលអស់ជាច្រើនថ្ងៃ ថែមទាំងអាចប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរថែមទៀតផង។

លោក គួច ចំរើន តាមរយៈ Facebook នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រឌិតករណីឧក្រិដ្ឋកម្ម (ទាសករលក់ឈាម) និងពាក្យពេជ្រ (អាចប៉ះពាល់ទំនាក់ទំនងមិត្តភាព) បាននាំការឈឺក្បាលអស់ រយ:ពេលជាច្រេីនថ្ងៃ។ អរគុណសមត្ថកិច្ចដែលបំបែកសំណុំរឿងនេះបានឆាប់។ តែសូមអ្នកប្រឌិតពិចារណា អំពីការខូចខាតផង ពិតជាធ្ងន់ធ្ងរណាស់ទំនាក់ទំនង សេដ្ឋកិច្ច កិត្តិយសជាតិមួយ»

យ៉ាងណាក៏ដោយ សម្រាប់ជនជាតិចិនមួយក្រុមដែលបាននាំគ្នាប្រឌិតព័ត៌មាននេះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។

សូមរំលឹកថា អ្នកនាំពាក្យ នៃអគ្គស្នងដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីបភ្លឺបកស្រាយការពិត ចំពោះការប្រឌិតព័ត៌មានថា មានករណីចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ដែលធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្រ្តសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ អន្តរជាតិជាច្រើន។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ទាំងស្រុងដូចខាងក្រោម៖

បន្ទាប់ពីទទួលបានព័ត៌មានអកុសលខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចង្អុលដឹកនាំអង្គភាពជំនាញ ឲ្យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មានខាងលើ ជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LuYA YUAN LUN ភេទប្រុស ជនជាតិចិន អាយុ ៣១ឆ្នាំ (ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ) និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ ដែលក្នុងនោះ៖

*ទី១៖ ឈ្មោះ LI YA YUAN LUN ដែលអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។

*ទី២៖ អ្នកពាក់ព័ន្ធចំនួន ០៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយ អំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។

បច្ចុប្បន្ន ឈ្មោះ YAYUAN UN និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន សារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណៈមតិជាតិ អន្តរជាតិ។

ទន្ទឹមគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏មានសំណូមពរដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសចៀសវាំងធ្វើការសន្និដ្ឋាន ហេតុការណ៍ណាមួយដោយអត្តនោម័ត ពុំមានភស្តុតាងច្បាស់លាស់ នាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គម និងបង្កឲ្យមានភាពភ័យខ្លាចដល់ទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសនៅកម្ពុជា៕