(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បាននាំយកថ្នាំ LIANHUA QINGWEN JIAONANG (ថ្នាំផ្តាសាយ) និងសាប៊ូ ជាការឧបត្ថម្ភរបស់លោកស្រី អ៊ួន សុវណ្ណារិន្ទ សម្រាប់ផ្តល់ជូនសង្កាត់ និងកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី២ ចំនួន៦៥នាក់។

នាឱកាសនោះដែរ លោកអភិបាលរងខណ្ឌមានជ័យ បានថ្លែងអំណរគុណលោកស្រី អ៊ួន សុវណ្ណារិន្ទ ដែរបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្លាំងប្រជាការពារនាពេលកន្លងមក និងបានកោតសរសើរកម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី២ ដែលបានខិតខំបំពេញការងារ ក៏ដូចជា ការចូលរួមប្រចាំការ និងចុះល្បាតតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្មកន្លងមក។

លោក ឌី រ័ត្នខេមរុណ បានបន្តទៀតថា នេះជាលើកទី៦ ដែលលោកស្រី អ៊ួន សុវណ្ណារិន្ទ បានផ្តល់ការឧបត្ថម្ភនូវថ្នាំប្រភេទ LIANHUA QINGWEN JIAONANG (ជាប្រភេទថ្នាំផ្តាសាយ) និងសាប៊ូ ដើម្បីឱ្យប្រជាការពារសង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី២ ដើម្បីទុកប្រើប្រាស់ការពារសុខភាពបំបាត់ជំងឺផ្តាសាយ ក្អក ឬក្រដាស ក្តៅខ្លួន ឈឺក្បាល ឈឺបំពង់ក ក្នុងពេលចុះបំពេញការងារ។

លោកបានអំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ ពេលដែលចុះបំបេញការងារ ឬចុះរៀបចំសណ្តាប់ធ្នាប់ត្រូវចេះប្រើកាយវិការ និងពាក្យសម្ដីសមរម្យទៅលើប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង៧។ យ៉ាងណាមិញ កម្លាំងប្រជាការពារត្រូវចេះពីរបៀបធ្វើការក្នុងបរិបទថ្មី និងត្រូវបន្សាំខ្លួនដោយត្រូវចេះរស់នៅតាមគន្លងថ្មីជាមួយកូវីដ-១៩ ប៉ុន្តែត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ជាពិសេសគោរពនូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីខ្លួន គ្រួសារ និងប្រទេសជាតិ។

ក្នុងអំណោយនោះដែរ លោកស្រី អ៊ួន សុវណ្ណារិន្ទ ក៏បានឧបត្ថម្ភថ្នាំប្រភេទ LIANHUAQINGWEN JIAONANG (ថ្នាំផ្តាសាយ) ចំនួន២៦០ប្រអប់ និងសាប៊ូលាងដៃចំនួន១៣០ដុំ ដោយក្នុង១ម្នាក់ៗទទួលបានថ្នាំព្យាបាលចំនួន៤ប្រអប់ និងសាប៊ូ២ដុំផងដែរ៕