(កំពង់ឆ្នាំង)៖ លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងជាទីប្រឹក្សាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីជាស្ត្រី ក្នុងអង្គភាពមន្ទីរព័ត៌មាន ជាថ្នាក់ដឹកនាំ និងមន្រ្តីជាប់កិច្ចសន្យា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១១ នៃទិវានារីអន្តរជាតិ ៨មិនា។

ក្នុងឱកាសនោះ លោក ម៉ម ឈឿម បានថ្លែងឲ្យដឹងថា ស្រ្តីនៅក្នុងវិស័យព័ត៌មាន ពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន ដែលជាដៃគូដ៏ប៉ិនប្រសព្វក្នុងការជំរុញការអភិវឌ្ឍឲ្យវិស័យព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយ បានកាន់តែ ប្រសិទ្ធភាពទ្វេឡើង។ ស្រ្តីពិតជាមានតម្លៃ ក្នុងកិច្ចអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កាលៈទេសៈដោយស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាល ភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

លោកប្រធានមន្ទីរ បានណែនាំដល់ស្រ្តីដែលបម្រើការលើវិស័យព័ត៌មាន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិ និងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកផ្តល់ព័ត៌មានពិតប្រាកដ ដល់សាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់ រាល់បញ្ហវិជ្ជមាន និង អវិជ្ជមាន ពិសេសគឺលុបបំបាត់ទាំងស្រុងរាល់ព័តមានក្លែងក្លាយនៅក្នុងសង្គម។ នៅក្នុងឱកាសនោះ លោកបានចែកកាដូអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់ស្រ្តី ១៧នាក់ផងដែរ។

លោក កែ សិទ្ធិ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរព័ត៌មាន បានឱ្យដឹងថា នៅមន្ទីរព័តមានខេត្តកំពង់ឆ្នាំង ស្រ្តីដែលបានបម្រើការងារលើវិស័យព័តមាន មានចំនួន ១៧រូប ក្រៅពីនោះក៏មានស្រ្តីដែលបម្រើការឲ្យវិស័យព័ត៌មានផ្នែកឯកជនជា ច្រើននាក់ ដូចជា ពិធីការិនី អ្នកបច្ចេកទេស អ្នកយកព័តមាន អ្នកតែងនិពន្ធអត្ថបទព័តមាន និងបញ្ចូលសម្លេង ដែលធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ វិទ្យុជាតិរបស់ខេត្ត និងទូរទស្សន៍របស់ខេត្ត តាមរយៈសកម្មភាពទាំងនេះបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន បានយល់ដឹងអំពីតម្លៃនៃស្រ្តី នាទីអប់រំ វប្បធម៌ ព័តមាន ផងដែរ៕