(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Saleh Mohamed Ahmed Alsaqri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូម៉ង់ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំនៅកម្ពុជា បន្ទាប់ពីលោកបានអញ្ជើញថ្វាយសារតែងតាំង ជូនព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ក្នុងជំនួបនៅវិមានសន្ដិភាព លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្ដែងនូវការរីករាយ និងរំភើប ដែលមានជំនួបពិភាក្សាការងារ ក្នុងគោលបំណងដើម្បីពង្រឹងនូវទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូម៉ង់ ដែលកន្លងមកបានជួយ សម្របសម្រួលដល់និស្សិតកម្ពុជាដែលបានជាប់ក្នុងបណ្ដាប្រទេសជិតខាង នៃប្រទេសអូម៉ង់ ដោយសារសង្គ្រាម ឲ្យមកដល់មាតុភូមិវិញ ដោយក្នុងនោះមាន ១៦នាក់ ជាប់គាំងនៅប្រទេសយេម៉ែនកាលពីឆ្នាំ២០១៥។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសុខដុមរមនាកម្មនៃកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកក៏បានលើកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហគមន៍ឥស្លាមមានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។

លើសពីនោះទៀតនោះ រដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់សិទ្ធិដល់សហគមន៍ឥស្លាមកម្ពុជា ក្នុងការរៀបចំស្ថាប័នហាឡាលកម្ពុជា ដែលជាតម្រូវការទីផ្សារដ៏ចាំបាច់មួយ សម្រាប់ទីផ្សារពិភពអារ៉ាប់ និងប្រទេសឥស្លាមផងដែ។ លោកបានលើកឡើងពីវិស័យ ទេសចរណ៍ កសិកម្ម អប់រំ និង វិស័យ មនុស្សធម៌ បានស្នើឲ្យឯកអគ្គរាជទូត ជួយសហការ និងផ្សព្វផ្សាយដល់រដ្ឋាភិបាល និងប្រជាជនអូម៉ង់ ក៏ដូចជា បណ្តាប្រទេសផ្សេងៗ មកវិនិយោគ និងទស្សនា កម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប លោកអគ្គរាជទូត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងធ្វើសុខដុមណីកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកក៏សូមអរគុណ និងកោតសរសើរចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំឲ្យមានសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការរើសអើង។

លោកបន្ដថា ក្រៅពីការពង្រឹងទំនាក់ទំនងទ្វេរភាគី លើគ្រប់វិស័យ ក្នុងនាមលោកតំណាងឲ្យ រាជរដ្ឋាភិបាលប្រទេសអូម៉ង់ សូមស្វាគមន៍ និងបន្តជួយជ្រោមជ្រែង ទៅលើវិស័យមនុស្សធម៌ និងវិស័យអប់រំ ជាពិសេសសហគមន៍ ឥស្លាមនៅកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា អូម៉ង់ និងកម្ពុជានេះ អាចធ្វើការសហការគ្នាលើវិស័យវប្បធម៌ បេតិកភ័ណ្ឌនានានៃប្រទេសទាំងពីរ ដែលជាផ្នែកមួយជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើន។

ជាចុងក្រោយ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា លោកនឹងនាំនូវសំណើនានា ជូនរដ្ឋាភិបាលអូម៉ង់ដើម្បីជ្រាប សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងល្អប្រសើរ បន្ថែមទៀត៕