(ភ្នំពេញ)៖ អាជ្ញាធរមានសមត្ថកិច្ចទាំង២៥ រាជធានី-ខេត្ត រួមមាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អភិបាលរងទទួលបន្ទុកគ្រឿងញៀន ស្នងការរងនគរបាល ទទួលបន្ទុកគ្រឿងញៀន មេបញ្ជាការរងកងអាវុធហត្ថទទួល បន្ទុកគ្រឿងញៀន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្ដេជ្ញាពង្រឹង ការហាមឃាត់ ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs)។

ការប្តេជ្ញាចិត្តដូចនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការហាមឃាត់ការប្រើប្រាស់ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs)នេះដែរ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលមធ្យមវិចិត្រសិល្បៈ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើយោងតាមការបញ្ជាក់របស់លោក មុំ គង់ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH)។

លោក មុំ គង់ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះទោះបីជារាជរដ្ឋាភិបាលបានចេញនូវសេចក្ដីណែនាំហាមឃាត់ការប្រើប្រាស់ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិច ត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ និងដើមឆ្នាំ២០២១យ៉ាងណាក្ដី ក៏សកម្មភាពនៃការលក់ និងការប្រើប្រាស់ នៅមិនទាន់បាត់រលុបចេញពីប្រទេសកម្ពុជានៅឡើយទេ។

ក្នុងពេលបច្ចុប្បន្ន កម្ពុជានៅតែមានអ្នកប្រើប្រាស់ផលិតផលខុសច្បាប់នេះ ហើយពួកគេថែមទាំងហ៊ានបង្ហាញសកម្មភាពនៅលើបណ្ដាញទំនាក់ទំនងសង្គមទៀតផង។ ចំពោះអ្នកនាំចូល និងធ្វើអាជីវកម្មលើផលិតផលខុសច្បាប់ ទាំងនេះវិញ គឺបានបញ្ចេញសកម្មភាពលក់យ៉ាងគឃ្លើនមិនថា Post ឬ Live លក់នៅលើបណ្ដាញទំនាក់ទំនង សង្គម ដូចជា៖ Tik Tok Instagram Telegram និងជាពិសេសគឺ Facebook។ ទាក់ទិននឹងការលក់នៅតាមទីតាំងវិញ ឃើញថាមានភាពលាក់បាំងជាង។ អ្នកលក់ខ្លះ លក់នៅទីតាំងក្រោមរូបភាពហាងកាហ្វេ ឬហាងផ្សេងទៀត ឯខ្លះទៀតមានលក្ខណៈជាការណាត់ទីតាំងដើម្បីដោះដូរទំនិញ។

គួររម្លឹកផងដែរថា ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងនោះរួមមានការផ្ទុះដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងការចម្លងជំងឺពីម្នាក់ទៅម្នាក់ដោយសារការប្រើប្រាស់រួមគ្នា ជាពិសេសជំងឺកូវីដ-១៩។ លើសពីនេះសូលុយស្យុងស្អិត (E-liquid) ដែលប្រើនៅក្នុងបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី គឺមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ជាច្រើនដូចជាសារធាតុគីមីផ្ដល់រសជាតិ នីកូទីន គ្លីសេរីន និងប្រូពីឡែន គ្លីកូលជាដើម។

នីកូទីនគឺធ្វើឱ្យញៀនខ្លាំង ចំពោះស្ត្រីមានផ្ទៃពោះគឺធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់គភ៌ និងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាល។ សម្រាប់យុវជន វានឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ការចងចាំ ការផ្ចង់អារម្មណ៍ និងជាផ្លូវមួយនាំពួកគេទៅរកការប្រើប្រាស់គ្រឿងញៀនគ្រោះថ្នាក់ផ្សេងទៀតនាពេលអនាគត។ ចំហាយដែលបានមកពីសូលុយស្យុងស្អិតនេះគឺមាសមត្ថភាពនាំយកសារធាតុគីមី គ្រោះថ្នាក់បង្កជំងឺមហារីកចូលទៅក្នុងសួតបានកាន់តែជ្រៅ។

បើយោងតាមការស្រាវជ្រាវប្រមូលទិន្នន័យរយៈពេល៦ ខែរបស់មជ្ឈមណ្ឌល CDC នៃសហរដ្ឋអាមេរិក ដែលធ្វើចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា មានប្រជាជនសហរដ្ឋអាមេរិកចំនួន ២៨០៧នាក់បានឈឺ នឹង៦៨នាក់បានស្លាប់ ដោយសារជំងឺសួតដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕