(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារិទ្ធ បានចេញមករិះគន់ទៅលើប្រទេសលោកខាងលិចមួយចំនួនដែលតែងប្រដៅកម្ពុជារឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន តែបែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៉ី និងសារព័ត៌មានដែលមាននិន្នាការគាំទ្ររុស្ស៊ី ព្រោះតែប្រឆាំងនឹងប្រទេសរុស្ស៉ីដែលចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ការរិះគន់របស់លោករដ្ឋមន្ត្រី ខៀវ កាញារិទ្ធ យ៉ាងដូច្នេះ គឺបន្ទាប់ពីសហភាពអឺរ៉ុប (EU) ដែលមានសមាជិក២៧ប្រទេសនោះ បានប្រកាសបិទសារព័ត៌មាន RT និង Sputnik របស់រុស្ស៉ីមិនឱ្យមើលឃើញនៅក្នុងប្រទេស សមាជិករបស់ខ្លួន។ ការបញ្ជាក់នេះគឺចេញពីមាត់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការអឺរ៉ុប និងត្រូវបានដកស្រង់ដោយសារព័ត៌មាន RT ផ្ទាល់នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

គេនៅចាំបានថា ប្រទេសលោកខាងលិចមួយចំនួន និងអង្គការមួយចំនួនធ្លាប់បានរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ប៉ុន្តែសួរថា ចុះការរើសអើង និងការប្រការបិទសារព័ត៌មានអន្តរជាតិ RT និង Sputnik ទាំងពីរនេះ តើដូចទៅនឹងអ្វីដែលពួកគេធ្លាប់ប្រដៅ ធ្លាប់វាយប្រហារមកលើកម្ពុជាដែរឬទេ?

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានបង្ហោះសារពីរបីឃ្លានៅលើបណ្ដាញសង្គម Facebook ដូចជាការផ្ញើជូនទៅកាន់ប្រទេសលោកខាងលិចមួយចំនួន ដែលតែងប្រដៅកម្ពុជារឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននោះ។

លោកបានសរសេរថា «គ្រាន់តែផ្ទុះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនភ្លាម ប្រទេសដែលធ្លាប់តែមកប្រដៅខ្មែរឱ្យគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ប្រញាប់ប្រញាល់បិទអស់សារព័ត៌មានណាដែលគេយល់ថាគាំទ្រដោយរុស្ស៉ី។ យើងគ្រាន់តែកត់ទុកទង្វើរបស់គេសិនចុះ ចាំមើលបន្តិចទៀតគាត់មកដាក់គូទប៉ុកប្រដៅយើងរឿងហ្នឹងដដែល! សរសើរពួកគាត់ ស្បែកមុខគ្រាន់បើមែនទែន!»

គួរជម្រាបថា មិនត្រឹមតែប្រធានគណៈកម្មាការសហភាពអឺរ៉ុបប្រកាសបិទសារព័ត៌មាន RT និង Sputnik ប៉ុណ្ណោះទេ បណ្ដាញសង្គមដ៏ធំមួយ គឺ YouTube ក៏ថែមទាំងបានរាំងខ្ទប់មាតិកា ក៏ដូចជា YouTube Channel របស់សារព័ត៌មានរុស្ស៉ីជាច្រើន ក្នុងនោះរួមមានសារព័ត៌មាន RT មិនអនុញ្ញាតឱ្យមើលឃើញនៅតាមបណ្ដាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបឡើយ ដែលសកម្មភាពមួយនេះគឺស្រដៀងទៅនឹងក្រុមហ៊ុន Meta ដែលបានបិទរាំងខ្ទប់មាតិកានៅលើ Facebook ផងដែរ បន្ទាប់ពីរុស្ស៉ីបានវាយប្រហារលើប្រទេសអ៊ុយក្រែន៕