(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល មានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រោមអធិបតីភាពរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា។

ជំនួយដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានទទួលជំនួយ ទូបង្កកត្រជាក់ខ្លាំង ចំនួន៣៣គ្រឿង ទូទឹកកករក្សាវ៉ាក់សាំងចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត។

សូមបញ្ជាក់ជូនថា ចាប់តាំងពីការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលនិងប្រជាជន នៃប្រទេសអូស្រ្តាលី បានផ្តល់ វ៉ាក់សាំង Pfizer ចំនួន ២,៣លានដូស សម្រាប់ប្រើប្រាស់ក្នុង យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាត ត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការពារ សុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់មន្រ្តីការទូត និងជនជាតិអូស្រ្តាលីទាំងអស់ដែលរស់នៅ លើទឹកដីកម្ពុជា។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និង ប្រជាជននៃប្រទេសអូស្រ្តាលី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាល ព្រមទាំង អ្នករងគ្រោះ ដោយជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាបានចាក់វ៉ាក់សាំង រួចរាល់ហើយក៏ដោយ សូមអង្វករដល់ពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តវិធីការពារខ្លួន «៣ការពារ និង៣កុំ»។ ៣ការពារ៖រួមមាន ពាក់ម៉ាស លាងដៃញឹកញាប់ជាមួយ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំង៣ រួមមាន៖ កុំទៅកន្លែងបិទជិត កន្លែងមានមនុស្សកុះករកកកុញ និងកុំចាប់ដៃពេលជួបគ្នា។

លើសពីនោះ សូមនៅផ្ទះ ប្រសិនបើអ្នកមានគ្រុនក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ និងសូម ស្វែងរកជំនួយសុខាភិបាលភ្លាមៗ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់រដ្ឋាភិបាល និង ប្រជាជន នៃ ប្រទេសអូស្រ្តាលី ដែលជាកាយវិការនៃវប្បធម៌ចែករំលែកជាមួ យរាជ រដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និង ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធាន កា រ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល ជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា៕