(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ អតីតនិស្សិតខ្មែរ ២៣នាក់ ដែលរស់នៅជាមួយក្រុមគ្រួសារពួកគេក្នុងប្រទេសអ៊ុយក្រែន មានសុវត្ថិភាពជាធម្មតាទេ។

លោក ជុំ សុន្ទរី បានបញ្ជាក់ដូច្នេះថា៖ «តាមព័ត៌មានដែលស្ថានទូតទទួលបាន នៅថ្ងៃទី ២៧ កុម្ភះ ពួកគាត់ទាំងអស់គ្នា មានសុវត្ថិភាពជាធម្មតាទេ ។ ពួកគាត់ក៏បានអោយដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស»

បើតាមអ្នកនាំពាក្យរូបនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្សី បានរក្សាទំនាក់ទំនងជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន២៣ នាក់ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ នៅប្រទេសអ៊ុយក្រែនផងដែរ៕