(ភ្នំពេញ)៖ លោកស្រី ប្រាក់ ថាវៈភារី សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងឱ្យលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ហេង គន្ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនពិការភ្នែកទាំងសងខាង រស់នៅភូមិព្រែកអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍របស់លោក បាន វុត្ថា ប្រធានសាខាមូលនិធិជនពិការរាជធានីភ្នំពេញ បានឱ្យដឹងថាជនពិការនេះមានឈ្មោះ ហេង គន្ធា ភេទប្រុស អាយុ៣៧ មានពិការភាពពិការភ្នែកទាំងសងខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍អំឡុងឆ្នាំ១៩៩៤ មានប្រពន្ធឈ្មោះ សាយ គ្រឹស្នា អាយុ២៤ឆ្នាំ បច្ចុប្បន្នគាត់មានមុខរបរជាអ្នកចំរៀងរបស់សមាគមន៍តន្ត្រីសំនៀងជនពិការ ដែលកន្លងមកគាត់ដើរសុំគេច្រៀងតាមរោងការ បានប្រាក់បន្តិចបន្ទួចសម្រាប់ចិញ្ចឹមជីវិត តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ក្នុងរយៈកាលកន្លងមកនេះ ធ្វើឱ្យគាត់បាត់បង់ចំណូលស្ទើរតែទាំងស្រុង។

បច្ចុប្បន្នជនពិការរូបនេះ ទទួលបានការស្នាក់នៅបណ្តោះអាសន្នក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ ដែលនៅទីនោះគាត់ទទួលបានការផ្គត់ផ្គង់ជាការស្នាក់នៅ និងអាហារ។ គាត់និងភរិយាមានដី១កន្លែងនៅភូមិព្រែកអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ តែមិនមានលទ្ធភាពក្នុងការសាងសង់ផ្ទះទេ ដោយគោលដៅជីវិតរបស់គាត់ក្រៅពីរបរច្រៀងតាមរោងការ គឺគាត់ចង់មានផ្ទះ១ខ្នងនិងរកស៊ីលក់ដូរបន្តិចបន្ទួចនៅទីនោះ ដើម្បីបង្កើនចំណូល និងមានទីជម្រកផ្ទាល់ខ្លួនដូចគេឯង។ ដោយពិនិត្យឃើញនូវទុកលំបាករបស់ជនពិការរូបនេះ សាខាមូលនិធិជនពិការរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី ធ្វើការកសាងឯកសារមកមូលនិធិជនពិការ ដើម្បីស្នើសុំផ្ទះ១ខ្នងជូនគាត់។

លោកស្រី ប្រាក់ ថាវៈភារី សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការបានថ្លែងថា ជំនួសមុខឱ្យឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ លោកស្រីពិតជាសប្បាយរីករាយណាស់ ដែលកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍នេះ ពិតជាបានជួយរំលែកទុកលំបាកក្នុងការរស់នៅ និងបានលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនពិការខាងលើឱ្យកាន់តែប្រសើរប្រាកដមែន។

ជាមួយគ្នានេះ លោកស្រី ក៏សូមថ្លែងអំណរគុណដ ល់សាខាមូលនិធិជនពិការរាជធានី និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សហការស្វែករកជនពិការក្រីក្រ និងការកសាងឯកសារពាក់ព័ន្ធជូនមូលនិធិជនពិការ ក៏ដូចជាចូលរួមចាក់ដីបំពេញសម្រាប់ដំណើរការសាងសង់ផងដែរ។ លោកស្រី បានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺនានា និងព្យាយាមកែច្នៃបង្កើនមុខរបរបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពឱ្យកាន់តែប្រសើរឡើង។

ផ្ទះដែលមូលនិធិជនពិការសាងសង់ជូននេះ គឺជាការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សំដៅដល់ការចូលរួមជួយដល់ជនពិការដែលជួបទុកលំបាក ដូច្នេះសមិទ្ធផលដែលមានក្នុងថ្ងៃនេះ សូមលោក ហេង គន្ធា មេត្តាជួយថែទាំផ្ទះ១ខ្នងនេះឱ្យបាននៅគង់វង្សយូរអង្វែងតទៅ។

ជនពិការក្រីក្រឈ្មោះ ហេង គន្ធាដែលជាម្ចាស់ផ្ទះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈមូលនិធិជនពិការ ដែលបានផ្តល់ផ្ទះ១ខ្នងនេះដល់គាត់ ដែលកន្លងមកនេះគាត់ឃើញថា ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុក្ខដាក់ ដល់បងប្អូនជនពិការ តាមរយៈការឧបត្ថម្ភជាសាច់ប្រាក់ ការគាំទ្រជាស្បៀងអាហារ ការគាំទ្រជាសម្ភារៈតន្រ្តី ហើយពេលនេះមានការគាំទ្រផ្តល់ជាផ្ទះ១ខ្នងផងដែរ ដែលនេះពិតជាមិនអាចកាត់ថ្លៃបានទេ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស ជាមួយគ្នានេះ លោកស្រី ប្រាក់ ថាវៈភារី ក៏បានឧបត្ថម្ភបន្ថែមនូវថវិកាមួយចំនួនទៀត ជូនដល់គ្រួសារជនពិការខាងលើ ដើម្បីទិញសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕