(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក ឃុំចុះជួយជួសជុល ផ្ទះជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១គ្រួសារ និងបានចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥គ្រួសារទៀត នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប។

នៅក្នុងឱកាសនេះដែរ លោក សុខ សាន្តតារ៉ា បានថ្លែងជំរាបជូនប្រជាពលរដ្ឋ ពីការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់ខេត្ត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ ប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុកឆែប ក៏ដូចជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោកប្រធានគណបក្សស្រុកឆែប ក៏បានថ្លែងជំរាបជូនបងប្អូនប្រជាពលរដ្ឋ ពីតម្លៃសុខសន្តិភាពដែលមាននៅក្នុងប្រទេសយើងបច្ខុប្បន្ន ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត ខំរកបានដោយលំបាក តាមរយៈការបូជានូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុទុកជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង។

លោក សុខ សាន្តតារ៉ា បានថ្លែងជំរាបបងប្អូនប្រជាពលរដ្ឋយ៉ាងដូច្នេះទៀតថា «បើគ្មានសុខសន្តិភាព បើគ្មានគណបក្សប្រជាជនកម្ពុជាទេ ប្រទេសជាតិយើងក៏គ្មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះដែរ ហើយបើគ្មានសុខសន្តិភាព បងប្អូនប្រជាពលរដ្ឋក៏គ្មានសិទ្ធសេរីភាពក្នុងការធ្វើដំណើរនិងប្រកបមុខរបរផ្សេងៗទៀតបានដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សយូរអង្វែងតទៅទៀត ដោយមិនត្រូវជឿតាម ការញុះញង់ បោកប្រាស់របស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលមានចេតនាចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសយើងនោះទេ»។

លោកបញ្ជាក់ថា ការចុះជួយជួសជុលផ្ទះ ដោយបាំងជញ្ជាំង ប្រក់ដំបូល ជូនប្រជាពលរដ្ឋ១គ្រួសារនេះ គឺបន្ទាប់ពីលោកទទួលព័ត៌មានរាយការណ៍ពីអាជ្ញាធរភូមិ ដោយគ្រួសារ មួយនេះមានសមាជិកក្នុងបន្ទុក ច្រើន ហើយមេគ្រួសារទៀតសោធន៍មានវ័យរហូត៧០ឆ្នាំទៀតផង។

លោកថា «ទីណាមានការលំបាក ទីនោះគណបក្សប្រជាជនកម្ពុជា ចាំជួយជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋរស់ក្នុងភាពឯកោរ ខ្វះខាតនោះទេ សិល្បះនៃការចែករំលែកជាវប្បធម៍របស់គណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ»។

លោកបានណែនាំឲ្យប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាព អនាម័យ ក្នុងការរស់នៅ ពិសេសត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើងពីជុំងឺកូវីដ-១៩។សូមបញ្ជាក់ថាប្រជាពលរដ្ឋចំនួន៥គ្រួសារដែលទទួលបានអំណោយនៅពេលនេះគឺក្នុង១គ្រួសារមាន៖ អង្ករ២០កីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ និងថវិកាចំនួន៨ម៉ឺនរៀល ចំណែកផ្ទះគ្រួសារក្រីក្រ១គ្រួសារ ដែលក្រុមការងារជួយជួសជុលមានទំហំ ៥ម៉ែត្រគុណ ៥ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី៕