(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានជួបសំណេះសំណាល និងប្រគល់ធុងសំរាម ជូនដល់មន្ទីរពេទ្យបង្អែកស្ទឹងមានជ័យ និងសាលាបឋមសិក្សាស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឌី រ័ត្នខេមរុណ បានអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យយើងទាំងអស់គ្នា ក៏ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយចូលរួមចោលសំរាមចូលទៅក្នុងធុងសំរាមអោយបានត្រឹមត្រូវ មិនត្រូវចោលសម្រាម ពាសវាលពាសកាល ដែលនេះជាចំនុចដែលធ្វើឲ្យសោភ័ណ្ឌភាព ក្នុងមូលដ្ឋានខណ្ឌមានជ័យ របស់យើងមានការថយចុះ និងបាត់បង់នូវការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយនិងខណ្ឌ ផ្សេងៗទៀតដែរ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានថ្លែងអំណរគុណដល់ប្រធានមន្ទីរពេទ្យបង្អែកស្ទឹងមានជ័យ ដែលបានខិតខំយកចិត្តទុកដាក់ និងយ៉ាងស្រស្រះស្រស្រាំ ក្នុងការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៏ដូចជាប្រជាពលរដ្ឋដែលមកពីក្រៅមូលដ្ឋាន ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ដូសទី៣ និងដូសទី៤ បានទាន់ពេលវេលា។

លោកអភិបាលរង សូមផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ វិចខ្ចប់ ទុកដាក់ កាកសំណល់ បរិក្ខាពេទ្យ ដែលបានប្រាស់រួច ក្នុងការព្យាបាលអ្នកជម្ងឺរួចមក សូមឲ្យក្រុមគ្រូពេទ្យវិចខ្ចប់ ទុកដាក់ កាកសំណល់ បរិក្ខាពេទ្យនេះ ឲ្យបានត្រឹមត្រូវ ក្នុងធុងសំរាម ជៀសវាងការឆ្លងមេរោគដល់បងប្អូនប្រជាពលរដ្ឋ ព្រោះថាបរិក្ខាពេទ្យនេះ ដែលបានប្រើរួចជាប្រភពនៃមេរោគ ។

លោក ឌី រ័ត្នខេមរុណ ក៏បានជំរុញឲ្យមន្រ្តីជំនាញ ក៏ដូចជាមន្ត្រី ក្នុងខណ្ឌ នៅតាមការិយាល័យនីមួយៗ ដោយសហការជាមួយក្រុមហ៊ុន ស៊ិន ទ្រី ឲ្យបានគ្រប់ពេលវេលា ដើម្បីចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានសង្កាត់របស់យើង ក៏ដូចជានៅតាមទីសាធារណៈ ឲ្យល្អស្អាតទាំងអស់គ្នា និងត្រូវជួយ ផ្សព្វផ្សាយ ពន្យល់ ឬណែនាំដល់អ្នកដែលចោលសំរាមពាសវាល ពាសកាល នោះផងដែរ។

ទន្ទឹមនឹងនេះ លោក ឌីរ័ត្នខេមរុណ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋចូលរួម សម្អាតបរិស្ថាន អនាម័យ និងទុកដាក់ វិចខ្ចប់ សំរាមឲ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមឲ្យទាន់ពេលវេលា ដើម្បីងាយស្រួលដល់ក្រុមភ្នាក់ងារប្រមូលសំរាម។

យ៉ាងណាមិញសូម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម តាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសឲ្យសោះ ព្រោះមួយរយៈពេលចុងក្រោយនេះ ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Omicron (អូមីក្រុង) កំពង់ឆ្លងចូលសហគមន៍ គួរឲ្យមានការព្រួយបារម្ភ៕់