(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពទាំងអស់ បានផ្ញើសារលិខិតរំលែកទុក្ខលោក យូ ប៊ុនឡេង អនុប្រធានតុលាការកំពូលដែលម្ដាយបង្កើតទទួលមរណភាព។

ក្នុងសារលិខិតរំលែកទុក្ខ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីក្រៀមក្រំក្តុកក្តួលរំជួលចិត្ត និងសោកស្តាយជាពន់ពេក នូវដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ ឧបាសិកា លាង ហុង ដែលត្រូវជាម្តាយបង្កើត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុត របស់ ឯកឧត្តម បានទទួលមរណភាព នាថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤៖០០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសេចក្តីទុក្ខសោកដ៏សែនក្តុកក្តួល និងក្រៀមក្រំនេះ ខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់ នៃសព ដោយក្តីស្រណោះអាឡោះអាល័យ និងសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសិកា លាង ហុងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕