(ឧត្តរមានជ័យ)៖ លោកស្រី ម៉ារី អាមេលីតា អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសកម្ពុជា បានធ្វើដំណើរមកកាន់តំបន់ប្រវត្តិសាស្រ្តក្នុងស្រុកអន្លង់វែងជាលើកដំបូង នៅទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

នៅវេលាម៉ោង៨៖០០នាទីព្រឹក លោកស្រីឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាហ្វីលីពីន បានមកដល់ការិយាល័យរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និង បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ បន្ទាប់មក បណ្ឌិត លី សុខឃាង ធ្វើបទបង្ហាញអំពីផែនការសកម្មភាពរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ផែនទីប្លង់គោលក្នុងស្រុកអន្លង់វែង និងបង្ហាញពីគម្រោងធ្វើរបងតាមបណ្ដោយជួរភ្នំដងរែក។

បន្ទាប់ពីនេះ គណៈប្រតិភូនៃដំណើរទស្សនកិច្ច បានធ្វើដំណើរទៅកាន់ផ្ទះលាក់ខ្លួន ប៉ុល ពត និងខៀវ សំផន នៅក្បាលទន្សោងដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក និងមានចម្ងាយ ២៤គីឡូម៉ែត្រពីរង្វង់មូលនៃស្រុកអន្លង់វែង។ នៅតាមដងផ្លូវមានទេសភាពស្រស់ត្រកាល ដែលរំលេចដោយព្រៃឈើ និងអាងស្ដុបទឹកជាច្រើនកន្លែងដែលបន្សល់ទុកតាំងពីជំនាន់ខ្មែរក្រហម។

ក្រៅពីទេសភាពព្រៃឈើ ក៏ឃើញចម្ការដំណាំពណ៌បៃតងស្រស់ត្រកាលរបស់អ្នកភូមិ និងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ផ្ទះលាក់ខ្លួនរបស់ ប៉ុល ពត ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីមេដឹកនាំខ្មែរក្រហមបានជ្រើសរើសទីសំចតចុងក្រោយ និងជាទីតាំងយុទ្ធសាស្រ្តសង្គ្រាមរបស់ខ្លួន។

គណៈប្រតិភូនៃដំណើរទស្សនកិច្ចនេះ ក៏បានធ្វើដំណើរចូលទៅក្នុងរូងលាក់ខ្លួន ប៉ុល ពត។ លោកស្រីឯកអគ្គរដ្ឋទូត បានស្វែងយល់អំពីប្រវត្តិសាស្រ្តនៃចលនាលាក់ខ្លួន និងសង្គ្រាមទ័ពព្រៃនៅពេលដែលតំបន់អន្លង់វែងបានក្លាយជាទីតាំងចុងក្រោយរបស់ខ្មែរក្រហម។

គណៈប្រតិភូនៃដំណើរទស្សនកិច្ចនេះ ក៏បានត្រឡប់មកកាន់អតីតផ្ទះប្រជុំរបស់ តាម៉ុក ដែលស្ថិតនៅលើខ្នងភ្នំដងរែក ដែលបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ផ្ទះនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៩៥ សម្រាប់ការជួបប្រជុំមេដឹកនាំខ្មែរក្រហមដូចជា ប៉ុល ពត, ខៀវ សំផន, នួន ជា, សុន សេន និងមេបញ្ជាការកងពលមួយចំនួនទៀត។

ទីតាំងបូជាសព ប៉ុល ពត គឺជាចំណុចទីបីនៃដំណើរទស្សនកិច្ចនេះ។ នៅពេលនោះ លោកស្រីឯកអគ្គរដ្ឋទូតក៏បានស្តាប់ពីការរៀបរាប់ប្រវត្តិសាស្ត្រ រាប់ចាប់តាំងពីការកាត់ទោសប៉ុលពតដោយតុលាការប្រជាជន និងគម្រោងសាងសង់ដំបូលផ្នូរ ប៉ុល ពត ដែលនឹងចាប់ផ្ដើមនាពេលខាងមុខទៀតផង។

ការសន្ទនារវាង ឯកអគ្គរដ្ឋទូតហ្វីលីពីន និងនាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានចំណាយពេលប្រមាណ ៣០នាទី។ នៅវេលាម៉ោង ២ រសៀល ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសកម្ពុជា និងអនុព័ន្ធយោធាហ្វីលីពីន ទៅជួបសម្តែងការគួរសម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានអនុគណៈកម្មការសាងសង់ «ស្តូបឈ្នះ ឈ្នះ អន្លង់វែង»

បន្ទាប់មក គណៈប្រតិភូនៃដំណើរទស្សនកិច្ចនេះ បានបន្តដំណើរមកកាន់សារមន្ទីរ តាម៉ុក ឬអតីតផ្ទះតាម៉ុក ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៩៣។ បច្ចុប្បន្ននេះ អតីតផ្ទះតាម៉ុក គឺជាទីកន្លែងដ៏សំខាន់មួយនៅក្នុងស្រុកអន្លង់វែង ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា។

ជាកិច្ចបញ្ចប់ ឯកអគ្គរដ្ឋទូតហ្វីលីពីន រួមទាំងអនុព័ន្ធយោធា សម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះការទទួលស្វាគមន៍ មកកាន់តំបន់ប្រវត្តិសាស្រ្តអន្លង់វែង៕