(ស្វាយរៀង)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានយាងចុះជួបសំណេះសំណាល ជាមួយថា្នក់ដឹកនាំ ខេត្ត ស្រុក ឃុំ រចនាសម្ព័ន្ធគណបក្ស ខេត្តស្វាយរៀង។

ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលថ្លែងការកោតសរសើរចំពោះ សហជីវិន សហជីវិនីទាំងអស់ ដែលបានធ្វើការងារយ៉ាងសកម្មនៅមូលដ្ឋាន និងដង្ហែឥតងាករេ ស្វាមីភ័ក្ត្រចំពោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីព្រះប្រធានគណបក្សកន្លងមក។

ក្នុងឋានៈព្រះអង្គម្ចាស់ ជាអ្នកបន្តវេណក្នុងការដឹកនាំពី ព្រះបិតារបស់ព្រះអង្គ នឹងខិតខំការពារគណបក្ស សមាជិកសមាជិកា ឲ្យមានកម្លាំង ការគាំទ្រ ប្រកបដោយសក្តានុពល ក្នុងពេលអនាគត។

ព្រះអង្គណែនាំ ឲ្យសមាជិក សមាជិកា ត្រូវរួមសាមគ្គី ប្រមែលប្រមូល កម្លាំងអ្នករាជានិយម សីហនុនិយម រណឫទ្ធនិយម អ្នកស្នេហាជាតិ មករួមរស់ក្នុងគ្រួសារហ៊្វុនស៊ិនប៉ិច ធ្វើការរួមគ្នា ក្នុងបុព្វហេតុ ការពារ សុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងការអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត៕