(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៃសាសនិកឥស្លាមនៅកម្ពុជា បានអះអាងថា ខ្មែរ-ឥស្លាមទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា មានក្ដីរំភើបរីករាយឥតឧបមា បន្ទាប់ពីទទួលបានព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង្ហាញពីការចង់ឃើញឲ្យខ្មែរ-ឥស្លាម អាចកាន់តំណែងជាថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន។

ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា ការផ្ដល់ឱកាសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់សាសនិកខ្មែរ-ឥស្លាមនៅកម្ពុជានេះ មិនមែនទើបតែកើតមានឡើងនោះទេ ពោលតាំងពីដើមមកសម្ដេច គឺបានបើកឱកាសបែបនេះរួចមកហើយ ឲ្យតែបងប្អូនខ្មែរ-ឥស្លាមមានសមត្ថភាពក្នុងការបំពេញការងារ ក្នុងជួររាជការ។

បើតាមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បច្ចុប្បន្ននេះសាសនិកឥស្លាមមានកាន់តែងជាថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលរួចស្រេចទៅហើយ ដោយក្នុងនោះ មានរូបលោកជាទេសរដ្ឋមន្ដ្រី, មានតំណាងរាស្ដ្រ, រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងនៅតាមមូលដ្ឋានជាច្រើនទៀតផងដែរ។ ហើយការប្រកាសបែបនេះរបស់សម្ដេច គឺជាការបន្ដផ្ដល់ឱកាសថ្មីបន្ថែមទៀត ក្នុងតំណែងជា អភិបាលរងខេត្ត, ក្រុង, ស្រុក និងខណ្ឌ ដែលមានខ្មែរ-ឥស្លាមរស់នៅច្រើន។

មេដឹកនាំជាន់ខ្ពស់ឥស្លាមរូបនេះ ក៏បានប្រាប់អំពីដំណឹងដ៏រីករាយនេះទៅតាមបណ្ដាប្រទេស ដែលមានឥស្លាមរស់នៅផងដែរ។ លោកអះអាងថា លោករស់នៅប្រទេសកម្ពុជា ពិតជាមានសំណាងខ្លាំងណាស់ ដែលប្រទេសនេះមេដឹកនាំមិនមែនជាឥស្លាមនោះទេ ប៉ុន្ដែយកចិត្តទុកដាក់ដល់សាសនិកឥស្លាមមិនបាញ់បណ្ដាប្រទេសដែលមេដឹកនាំជាឥស្លាមនោះឡើយ។

ជាមួយនឹងការផ្ដល់ឱកាសពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានេះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានផ្ញើសារទៅកាន់ខ្មែរ-ឥស្លាមនៅទូទាំងប្រទេស ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីអាចទទួលបាននូវមុខតំណែងដែលជាការផ្ដល់ឱកាសនេះ ហើយមិនត្រូវអាងថា «យើងជាមូស្លឹម គេផ្ដល់តំណែងឲ្យយើងនោះទេ តែត្រូវគិតថា គេផ្ដល់តំណែងឲ្យយើង ព្រោះយើងមានសមត្ថភាព»

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីការចង់ឲ្យមានការតែងតាំងខ្មែរឥស្លាម ជាថ្នាក់ដឹកនាំខេត្ដ ក្រុង ស្រុក ខណ្ឌ យ៉ាងហោចណាស់ត្រឹមអភិបាលរងម្នាក់ នៅកន្លែងដែលមានខ្មែរឥស្លាមរស់នៅច្រើន ដើម្បីងាយស្រួលដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងនៅតំបន់នោះ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នេះរបស់សម្ដេចមិនមែនជាការកំណត់កូតានោះទេ ប៉ុន្ដែជាបញ្ហាទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រួលដល់ការធ្វើការងារ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យយកចិត្តទុកដាក់នោះ គឺស្ថានភាពបោះចម្រុះនៅផ្នែកខាងក្នុង ដែលមានបងប្អូនជនជាតិខ្មែរឥស្លាមរស់នៅយ៉ាងច្រើនតាមបណ្ដាខេត្ត និងស្រុកមួយចំនួន។ ខ្ញុំស្នើឲ្យបណ្ដាខេត្តដែលមានបងប្អូនឥស្លាមរស់នៅច្រើន យកចិត្តទុកដាក់រៀបចំដើម្បីឲ្យមាន ហោចណាស់អភិបាលរងម្នាក់ នៅក្នុងខេត្តដែលមានប្រជាជនច្រើន។ ហើយបើមានសមត្ថភាពធ្វើទៅបានធ្វើអភិបាលស្រុក ឬខណ្ឌ ដែលមានបង ប្អូនឥស្លាមច្រើន»

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់និស្សិត ឬមន្ដ្រីជាជនជាតិខ្មែរឥស្លាម ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ព្រោះបើគ្មានសមត្ថភាពគ្រប់គ្រាន់ក៏មិនអាចកាន់តំណែងនេះបានដូចគ្នា ពោលមិនមែនយកមកដាក់ដើម្បីតែបង្គ្រប់កិច្ចនោះទេ។ សម្ដេចក៏បានណែនាំឲ្យបណ្ដាខេត្តដែលមានខ្មែរឥស្លាម ត្រូវពិនិត្យរៀបចំ តើមានស្រុកប៉ុន្មាននៅក្នុងខេត្តរបស់ខ្លួនដែលគម្បីត្រូវរៀបចំ ហើយលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលក្ខណៈសម្បត្តិតែងតាំងមន្ដ្រីទាំងនោះនៅពេលក្រោយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ខេត្តដែលមានបងប្អូនខ្មែរឥស្លាមច្រើនមានមិនច្រើនទេ ក្នុងនោះមានខេត្តកំពង់ចាម ក្រចេះ កំពង់ធំ ពោធិ៍សាត់ កំពត និងរាជធានីភ្នំពេញជាដើម។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា កាលដែលសម្ដេចណែនាំឲ្យធ្វើបែបនេះ ដើម្បីងាយស្រួលដល់ការបំពេញកិច្ចការងារផ្សេងៗ ពិសេសនៅតំបន់ដែលមានខ្មែរឥស្លាមរស់នៅច្រើន ក្នុងករណីមានបញ្ហាអ្វីកើតឡើង អ្នកដែលដើរតួសំខាន់ក្នុងការសម្របសម្រួល គឺថ្នាក់ដឹកនាំជាខ្មែរឥស្លាមផ្ទាល់តែម្ដង ដែលត្រូវចេញមុខមុនគេដើម្បីដោះស្រាយ៕