(កំពង់ចាម)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា យើងបន្តរួមគ្នាគាំទ្រ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព បើទោះកម្ពុជារងគ្រោះ ដោយកូវីដ-១៩ក៏ដោយ។

ការថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដែលលោក វង សូត ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់សាលាបុណ្យសន្សំកុសល សាលារៀនមួយខ្នង និងសមិទ្ធផលនានានៅក្នុងវត្តបុទុម្ពរ ហៅវត្តសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរ ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំអប់រំ ដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍វិធានសុខាភិបាល បីកុំ និង បីការពារឲ្យខ្ជាប់ខ្ជួនជានិច្ច។

លោក វង សូត បានសម្តែងការកោតសសើរចំពោះសមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ។

ទន្ទឹមនឹងនេះដែរ លោក វង សូត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះយោគយល់គ្នាចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ជីវភាពពេលអំឡុងវិបត្តិកូវីដ១៩ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ហើយ ប៉ុន្តែមិនអាចបើកប្រាក់ឧបត្ថម្ភនេះ អាចទាក់ទងមកអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលភាពងាយស្រួល ដល់គ្រួសារដែលត្រូវទទួលសាច់ប្រាក់ ពីរាជរដ្ឋាភិបាលកម្ពុជា៕